(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព និងជំរុញពន្លឿនការដ្ឋានជួសជុលចាក់អ៊ុតកៅស៊ូ AC លើកំណត់ផ្លូវលេខ៣៣អា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។
លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានស្នើដល់ពាក់ព័ន្ធជុំវិញម្ចាស់គម្រោងធ្វើយ៉ាងណាត្រូវជួសជុលឲ្យបានកាន់តែឆាប់កាន់តែល្អ ម្យ៉ាងវិញទៀតធ្វើយ៉ាងណាឲ្យផ្លូវដែលជួសជុលប្រើមានគុណភាព និងធានាបានល្អក្នុងការធ្វើចរាចរណ៍គ្រប់រូបភាព។
លោកអភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តផ្តល់អាទិភាពជូនខេត្តកែបក្នុងឆ្នាំ២០២៣នេះ ក្រោមការដឹកនាំ និងស្នើសុំរបស់លោកជាអភិបាលខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣៣អា ដោយចាក់អ៊ុតកៅស៊ូ AC ប្រវែង៣,៤០០ម៉ែត្រ ទទឹង១១ម៉ែត្រ ទំហំ៤០,៩០៤ម៉ែត្រក្រឡា កម្រាស់៥០មីលីម៉ែត្រ គូសគំនូសចរាចរណ៍៧,៣០១ម៉ែត្រក្រឡា ស្ថិតក្នុងក្រុងកែប ខេត្តកែប។
វឌ្ឍនភាពការងារនេះសម្រេចបាន៨០%នៃគម្រោងខាងលើនេះហើយ។ ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តផ្ដល់សម្ភារៈមួយចំនួនដល់ក្រុមការងារដែលបាននិងកំពុងជួសជុលផ្លូវខាងលើនេះផងដែរ៕