(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តាំផ្ញើដល់សិក្ខាកាមជាមន្ត្រីកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីចំនួន ៣៧នាក់ ត្រូវបំពេញកាតព្វកិច្ច មានវិជ្ជាជីវៈ គោរពវិន័យកងទ័ព មានក្រមសីលធម៌ចេះស្រឡាញ់សាមគ្គីគ្នា ចេះជួយគ្នាក្នុងគ្រាលំបាក ថែរក្សាសុខភាពឱ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងត្រូវធ្វើជាគំរូល្អក្នុងការប្រតិបត្តិច្បាប់ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ រួមគ្នាថែរក្សាសន្តិភាពឱ្យគង់វង្ស។

ការណែនាំបែបនេះ របស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលលោកស្រី រួមជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងអាណាព្យាបាលយោធិនកងរាជអាវុធហត្ថថ្មី បានអញ្ជើញសំណេះសំណាល មុនចេញហ្វឹកហ្វឺនជំនាញ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថា យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចេញដំណើរហ្វឹកហាត់នៅមជ្ឈមណ្ឌលនៃកងរាជអាវុធហត្ថ (ភ្នំជំរាយ) ត្រូវបំពេញកាតព្វកិច្ចគោរពវិន័យកងទ័ពឱ្យបានល្អដើម្បីបម្រើប្រទេសជាតិបម្រើប្រជាពលរដ្ឋរួមគ្នាដើម្បីការពារសន្តិភាព។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា យោធិននៃកងរាជអាវុធទើបជ្រើរើសថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រហ្វឹកហាត់ គោរពវិន័យកងទ័ព មានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរ ពីព្រោះប្រទេសកម្ពុជា មានសន្តិភាពស្ថេរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងគ្រប់កាលៈទេសៈ ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីឆ្លើយតបជូនសម្តេច មន្ត្រីកងរាជអាវុធហត្ថថ្មីទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព រួមគ្នាអភិវឌ្ឍបន្តឱ្យកាន់រីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថថ្មីនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងអាជ្ញាធរខេត្តចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗយុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។

ក្នុងឱកាសនេះដែរ លោកស្រីអភិបាលខេត្តក៏បានឧបត្ថម្ភដល់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី ក្នុង១នាក់ ថវិកាចំនួន ១០ម៉ឺនរៀល, លោកឧត្តសេនីយ៍ត្រី តាំង ឈុនស្រេង បានឧបត្ថម្ភ ក្នុង១នាក់ ៥មុឺនរៀល និងសម្ភារមួយចំនួន, លោក ស្រេងហុង បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន និងលោក អៀង អាយ ឧបត្ថម្ភថវិកា ក្នុង១នាក់ ៥មុឺនរៀល៕