(សៀមរាប)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦០គ្រួសារ រស់នៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី រួមមាន៖ ឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានអំណោយ ជាសង្ក័សី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីធ្វើការជួសជុលលំនៅដ្ឋានឡើងវិញ។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី មានភ្លៀង និងខ្យល់កន្ត្រាក់បក់ខ្លាំង ដែលបណ្ដាលឱ្យរបើកជញ្ជាំង ដំបូលផ្ទះ និងរំលំផ្ទះទាំងស្រុងរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៥ ស្មើ ៦២ខ្នងផ្ទះ ខណៈកន្លងមកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិធម្មជាតិរុនតាឯកថ្មី បានចំនួន ១៤ខ្នងផងដែរ។

លោកអភិបាលស្រុក ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារតែហេតុការណ៍នេះ គឺគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងរដូវនេះ ជាពិសេសការថែទាំសុខភាព រកកន្លែងសុវត្តិភាពពេលមានភ្លៀង ផ្គរន្ទះ និងខ្យល់កន្ត្រាក់ ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងស្នើសុំបងប្អូនទាំងអស់ ដាំដើមឈើនៅតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីបានជាម្លប់ និងការពារខ្យល់កន្ត្រាក់ផង​ដែរ។

អំណោយផ្តល់ឱ្យប្រជាពលរដ្ឋរងគ្រោះ មកពីឃុំទាំង៤ ទទួលបានសង្ក័សីសរុបទាំងអស់ ៧៦១សន្លឹក ក្នុងនោះដែរ៖ ឃុំឃុនរាម មាន១៤គ្រួសារ ទទួលបានសង្ក័សី ១១៥សន្លឹក ឃុំរំចេក ១គ្រួសារ ទទួលបានសង្ក័សី ២៥សន្លឹក ឃុំព្រះដាក់ ១២គ្រួសារ ទទួលបានសង្ក័សី ៩៨សន្លឹក និងឃុំរុនតាឯក ៣៣គ្រួសារ ទទួលបានសង្ក័សី ៥២៣សន្លឹកផង​ដែរ៕