(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ រួមសហការី នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់ជយលាភីដល់បេក្ខជន ប្រឡងវិញ្ញាសារផ្នែកចម្រៀង ក្នុងពិធីមហាសង្រ្កាន្តឆ្នាំថ្មី ដែលធ្វើឡើងនៅវត្តសុគន្ធារាម ហៅវត្តសេះសរ ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ពិធីនេះដែរ តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ផ្តួចផ្តើមដោយព្រះគ្រូធម្មសិតអស្សានុវត្តន៍ ដែម សុផានណា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តគណៈធម្មយុត្តិកនិកាយ ព្រះអនុគណស្រុកស្នួល និងជាព្រះចៅអធិការវត្តសុគន្ធារាម រួមនិងប្អូនៗយុវជនសម្តេចព្រះមហាសង្ឈរាជ បួរ គ្រី។

មានសង្ឃដីការក្នុងពិធី ព្រះគ្រូ ដែម សុផានណា ព្រះបាឡាត់គណខេត្តគណៈ ព្រះអនុគណស្រុកស្នួល និងជាព្រះចៅអធិការវត្តសុគន្ធារាម ហៅវត្តសេះសរ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពុទ្ធបរិស័ទ និងបងប្អូនយុវជន ដែលតែងតែចូលរួមគាំទ្រ ទាំងកម្លាំងកាយ-ចិត្ត រាល់សកម្មភាពដែលវត្តសុគន្ធារាមនេះ តែងតែធ្វើក្នុងឱកាសបុណ្យប្រពៃណីជាតិនានា ហើយក៏ថ្លែងអំណរគុណចំពោះលោក គង់ គឹមនី អភិបាលរងខេត្ត រួមនិងថ្នាក់ដឹកនាំស្រុក ឃុំ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងការកសាងវត្ត និងកិច្ចការបុណ្យជាតិនានាផងដែរ។

ព្រះគ្រូមានសង្ឃដីកាបន្តទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រៀងរាល់ឆ្នាំ វត្តសុគន្ធារាម ហៅវត្តសេះសរ តែងតែប្រារព្វនូវពីធីមហាសង្រ្កាន្តឆ្នាំថ្មី ដោយក្នុងនោះមានលេងរបាំ និងល្បែងកម្សាន្តប្រពៃណីជាតិខ្មែរជាច្រើន រួមទាំងការប្រឡងចម្រៀងផងដែរ។

ក្នុងឱកាសនោះ លោក គង់ គឹមនី បានអបអរសាទរ និងអនុមោទនាជាមួយព្រះគ្រូ ដែម សុផានណា ព្រះអនុគណស្រុកស្នួល និងជាព្រះចៅអធិការវត្តសេះស ដែលតែងយកព្រះទ័យទុកដាក់កសាងរាល់សមិទ្ធផលនានានៅក្នុងវត្ត ដើម្បីជាស្នាដៃទុកក្នុងព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលស្រុក-រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិឱ្យមាន ការរីកចម្រើនរុងរឿង មានសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបានដឹកនាំ ព្រះសង្ឃ គណៈធម្មយុត្តក្នុងការផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យរបស់ព្រះពុទ្ធបរមគ្រូ តាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចព្រះមហាសង្ឃរាជ។

លោកបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាមានសុខសន្តិភាពយ៉ាងពេញលេញ និងអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា និងសំបូរសប្បាយរុងរឿង ជីវភាពធូរធាពីមួយថ្ងៃទៅមួយថ្ងៃ។

ការរៀបចំបង្កើតកម្មវិធីប្រឡងចម្រៀងមហាសង្ក្រាន្តឆ្នាំថ្មីនេះ គឺដើម្បីបង្ហាញពីភាពសប្បាយ រីករាយ និងអបអរសាទរការទទួលទេវតាឆ្នាំថ្មី ជាពិសេសបានបង្ហាញពីសាមគ្គីភាព និងមិត្តភាព ដោយប្រមូលផ្តុំយុវជន និងប្រជាពលរដ្ឋគ្រប់ទិសទីមកចូលរួមទស្សនា និងកម្សាន្តញ៉ាំងឱ្យអង្គ ពិធីសំបូរសប្បាយ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ផងដែរ ក្នុងពិធីនោះលោក គង់ គឹមនី រួមនឹងព្រះគ្រូចៅអធិការវត្ត ក៏បានចែកអំណោយរួមនឹងថវិការមួយចំនួនជូនដល់លោកតាលោកយាយជាពុទ្ធបរិស័ទចាស់ជរា ក្រីក្រចំនួន ៥០ នាក់ផងដែរ៕