(ឡាអេ)៖ តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ បានកាត់សេចក្តីថា ប្រទេសចិនមិនមានសិទ្ធិគ្រប់គ្រងសមុទ្រចិនខាងត្បូង នោះឡើយ ដោយសម្រេចឲ្យប្រទេសហ្វីលីពីន ឈ្នះក្តីលើបណ្តឹង ដែលបានបញ្ជូនទៅកាន់តុលាការនេះកាលពីឆ្នាំ ២០១៣។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៅទីក្រុងឡាអេប្រទេសហូឡង់ បានចែងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួន នៅមុននេះបន្តិចថា ប្រទេសចិនគ្មានសិទ្ធិអ្វីនៅក្នុងការទាមទារសិទ្ធិគ្រប់គ្រងគ្រប់យ៉ាង នៅដែនសមុទ្រចិនខាងត្បូងនោះឡើយ ហើយតុលាការគាំទ្រលើ ការទាមទាររបស់ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
តុលាការអន្តរជាតិ បានបញ្ជាក់ថា ចិនពុំមានភស្តុតាងណាមួយ ដែលបញ្ជាក់តាមការអះអាងថារបស់ប្រទេសខ្លួន ជាអ្នកគ្រប់គ្រងទាំងស្រុងលើ សមុទ្រចិនខាងត្បូងនេះ ជាប្រវត្តិសាស្ត្រកន្លងមកនោះឡើយ ទាំងលើដែនទឹក និងធនធានក្នុងសមុទ្រចិនខាងត្បូង។ កន្លងមកប្រទេសចិនបាន អះអាងលើ ការគ្រប់គ្រងអ្វីៗទាំងអស់នៅសមុទ្រចិនខាងត្បូង រួមទាំងបណ្តុំថ្មប៉ប្រះទឹក និងប្រជុំកោះ ដែលទាំងអស់នេះក៏ត្រូវបានប្រទេសជុំវិញសមុទ្រចិនខាងត្បូង អះអាងថា មានសិទ្ធិគ្រប់គ្រងដូចគ្នា។
សាលដីការបស់តុលាការខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ប្រទេសចិនបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេស ហ្វីលីពីន។ បន្ថែមពីនេះទៀតតុលាការ ក៏បាននិយាយថា ចិនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅដល់ ធនធានធម្មជាតិដូចជា ថ្មប៉ះប្រះទឹក និងពពួកផ្កាថ្ម តាមរយៈការកសាង កោះសិប្បនិម្មិតមួយចំនួននៅសមុទ្រចិនខាងត្បូង៕