(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក (ANATOLY Borovik) បានស្នើដល់ភាគីកម្ពុជា ពិសេសមជ្ឈមណ្ឌលឯកសារកម្ពុជា សូមមានការរំឭកដល់អ្នកជំនាញការរុស្ស៉ីចំនួន៧រូបដែលត្រូវខ្មែរក្រហមសម្លាប់កាលពីឆ្នាំ១៩៨៣ នាទឹកដីខេត្តកំពង់ចាម ស្របពេលដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤០នៃការបាត់បង់ជំនាញការរុស្ស៉ីទាំង៧រូបនោះ។

ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែលលោក អាណាតូលី បូរ៉ូវីក និងសហការីធ្វើទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍ពីលោក ឆាំង យុ នាយកជម្ឈមណ្ឌលឯកសារកម្ពុជា។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតរុស្ស៉ីបានរំឭកថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤០នៃការបាត់បង់ជំនាញការរុស្ស៉ីចំនួន៧រូប ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅអំឡុងខែសីហា ឆ្នាំ១៩៨៣ នាទឹកដីខេត្តកំពង់ចាម។ លោកឯកអគ្គរដ្ឋទូតគឺពិតជាចង់ឱ្យមានការរំឭកទៅដល់ពួកគេដែលបានពលីនៅប្រទេសកម្ពុជាទាំងនោះ។

ជាការឆ្លើយតប លោក ឆាំង យុ បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតផ្តល់ព័ត៌មានលម្អិតអំពីជំនាញការរុស្ស៉ីដែលបានស្លាប់នៅខេត្តកំពង់ចាម ដើម្បីឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាស្រាវជ្រាវបន្ថែម និងចែករំលែកប្រវត្តិសាស្រ្តដល់សិស្សានុសិស្ស។ លោក ឆាំង យុ ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងទីតាំងផ្ទាល់ដែលជំនាញការរុស្ស៉ីទាំង៧រូបបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៨៣ទៀតផង។

លើសពីនេះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីបានប្រគល់រូបថតជាប្រវត្តិសាស្រ្តចំនួន៥សន្លឹកដល់លោក ឆាំង យុ ដើម្បីប្រើប្រាស់ជាឯកសារនៅបណ្ណាល័យសម្តេចម៉ែ។ រូបថតដែលជាអំណោយទាំងនេះ គឺជាព្រះឆាយាលក្ខណ៍របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ក្នុងអំឡុងពេលព្រះអង្គយាងបំពេញព្រះរាជទស្សកិច្ចទៅកាន់ប្រទេសរុស្ស៉ីក្នុងឆ្នាំ១៩៦០ និងបានជួបសោយក្រយាពេលព្រឹកជាមួយលោក លីអូនីត ប្រេសនេវ (LEONID BREZNHEV) ប្រធានគណៈជាន់ខ្ពស់នៃសហភាពសូវៀត ព្រមទាំងរូបភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឆ្នាំ១៩៥៨ និងរូបភាពដទៃទៀតដែលពិព័ណ៌នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សាជាមួយលោក លោក ឆាំង យុ លោកឯកអគ្គរដ្ឋ អាណាតូលី បូរ៉ូវីក បានគាំទ្រដល់កិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការប្រមូលចងក្រងឯកសារ និងបង្រៀនអំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យរបបនេះកើតឡើងម្តងទៀត។

លោក អាណាតូលី ក៏បានសម្តែងនូវការពេញចិត្តចំពោះការចុះទៅជួបសម្ភាស និងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា ដែលកិច្ចការនេះបានជួយដល់អ្នករស់រានទាំងនោះ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងទៀតថា លោកបានតាមដានកិច្ចការបណ្ណាល័យសម្តេចម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជាកន្លងមក ហើយឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមានទាំងការពង្រីកសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទៅកាន់ខេត្តទាំង៥ ដែលរួមមានខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ៕