(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation) នៃធនាគារពិភពលោក លើសេវាទីប្រឹក្សាហិរញ្ញវត្ថុ ក្នុងការសិក្សាសមិទ្ធលទ្ធភាពគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ។

ពិធីចុះកិច្ចព្រមព្រៀង បានធ្វើឡើងនៅទីស្តីការក្រសួងសារធារណការ រវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Asad Yqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួង ថ្នាក់ដឹកនាំនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex) ត្រូវបានកំណត់នៅក្នុងផែនការមេភស្តុភារកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ហើយគម្រោងនេះត្រូវបានគណៈកម្មាធិការអន្តរក្រសួង ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនបានឯកភាពឱ្យធ្វើការអភិវឌ្ឍតាមទម្រង់ជាដៃគូរវាងរដ្ឋ និងឯកជន PPP (Public Private Partnership)។

ការសិក្សាបុរេសមិទ្ធលទ្ធភាព ត្រូវបានធ្វើឡើងដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក ហើយលទ្ធផលការសិក្សានេះបានបង្ហាញថា ការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ គឺមានប្រាក់ចំណេញក្នុងការវិនិយោគ សម្រាប់ជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ដោយមើលឃើញអំពីសារៈសំខាន់នៃគម្រោងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ធ្វើការសិក្សាសមិទ្ធលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុបន្តទៀត ដោយ IFC តម្រូវឱ្យមានកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ ជាមួយក្រសួងសាធារណការ ។

ថ្លែងនាឱកាសចុះកិច្ចព្រមព្រៀងនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ ក្នុងការសិក្សាសមិទ្ធលទ្ធភាពគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ គឺជាទីតាំងទី២ ហើយបន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មកម្មភ្នំពេញ ហើយនៅថ្ងៃខាងមុខទៀត អាចនឹងមានការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្រុងបាវិត និងនៅក្រុមប៉ោយប៉ែតបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា «មជ្ឈមណ្ឌលភស្តុភារកម្ម ពិតជាមានសារៈសំខាន់ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ក្នុងទាក់ទាញអ្នកវិនិយោគមកដាក់ទុកនៅកម្ពុជា ហើយយើងចង់ឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីបម្រើទៅដល់ប្រទេសជិតខាង បម្រើក្នុងនាមជាប្រទេសមានអ្នកវិនិយោគមកដាក់ទុកក្នុងប្រទេសយើង ហើយយកផលិតផលគេចែកចាយទៅប្រទេសមហាអនុតំបន់មេគង្គដូចជា៖ កម្ពុជា វៀតណាម ឡាវ ថៃ ភូមា និងផ្នែកខាងត្បូងរបស់ឃុនមីន»។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, កម្ពុជាជាប្រទេសនៅចំកណ្តាលនៃប្រទេសមហាអនុតំបន់មេគង្គ ហើយបើកម្ពុជាបានរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មបានល្អ នោះនឹងជួយកាត់បន្ថយទាំងចំណាយ ទាំងពេលវេលា សម្រាប់ការចែកចាយទំនិញទៅកាន់ប្រទេសផ្សេង ដែលកត្តានេះហើយដែលអាចធ្វើឱ្យកម្ពុជា អាចមានការប្រកួតប្រជែងក្នុងការទាក់ទាញអ្នកវិនិយោគ មកជួយបណ្តាក់ទុននៅកម្ពុជាបាន។

សូមបញ្ជាក់ដែរថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះហើយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងធ្វើការសិក្សាសមិទ្ធលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ក្នុងទម្រង់ជាដៃគូរវាងរដ្ឋ និងឯកជន ស្របតាមគោលនយោបាយ និងក្របខណ្ឌគតិយុត្តនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន របស់កម្ពុជា និងបើកទូលាយឱ្យមានការចូលរួមពីផ្នែកឯកជន (Private Sector Participant) ក្នុងការរចនា, ការសាងសង់, ការធ្វើហិរញ្ញប្បទាន, ការប្រតិបត្តិ និងការថែទាំនៅក្នុងគម្រោង SHV-LC។ IFC អាចជ្រើសរើសទីប្រឹក្សារបស់ខ្លួនផ្ទាល់ ឬជួលទីប្រឹក្សាពីខាងក្រៅ ដើម្បីជួយរៀបចំធ្វើការសិក្សា ហើយធានាថា ការសិក្សានេះគឺប្រព្រឹត្តទៅតាមពេលវេលា និងផែនការដែលបានគ្រោងទុក ដោយមានការឯកភាពគ្នារវាងក្រសួងសាធារណការ និង IFC៕