(ភ្នំពេញ)៖ កញ្ញា ហឿន ស្រីនិច អតីតសមាជិកក្រុមយុវជនខ្មែរថាវរៈ ដែលបច្ចុប្បន្នជា អនុប្រធានក្រុមយុវជន១០០រាត្រី បានរិះគន់ចំពោះទង្វើរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀនថា កំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ត្រីខ្មែរ។

ការរិះគន់នេះ បានធ្វើឡើងបន្ទាប់ពី សំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលសាសងជាមួយនឹងស្ត្រីម្នាក់ដែលមានប្តីរួចទៅហើយនោះ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកសឹងតែរៀងរាល់រាត្រី ដោយក្នុងសំឡេងនោះ លោក លី សុធារ៉ាយុទ្ធ តែងតែឱ្យស្ត្រីរូបនោះថតរូបអាសអាភាស ផ្ញើឱ្យខ្លួនមើលជាប្រចាំ។

កញ្ញា ហឿន ស្រីនិច បានសម្តែងការសោកស្តាយចំពោះទង្វើអសីលធម៌របស់ លោក លី សុធារ៉ាយុទ្ធ ដែលជាអ្នកនយោបាយខ្មែរមួយរូប ដែលលួងលោមឱ្យប្រពន្ធអ្នកដទៃ ដែលខ្លួនលួចលាក់មានទំនាក់ទំនងសេ្នហាជាមួយថតរូបអាសអាភាសផ្ញើទៅខ្លួនជាប្រចាំ មិនតែប៉ុណ្ណោះថែមទាំងហាមប្រពន្ធរបស់គេ មិនឱ្យរួមដំណេកជាមួយប្តីរបស់គេថែមទៀត។

យុវតីរូបនេះ បានចាត់ទុកថា ទង្វើអសីលធម៌របស់ លោក លី សុធារ៉ាយុទ្ធ មិនស័ក្តសមជាអ្នកនយោបាយខ្មែរនោះឡើយ ហើយក៏មិនមែនជាគំរូល្អសម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរនោះដែរ។ នាងសំណូមពរ ដល់យុវជន និងអ្នកនយោបាយខ្មែរ កុំប្រព្រឹត្តទង្វើអសីលធម៌ដូច លោក លី សុធារ៉ាយុទ្ធ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ និងជាន់ឈ្លីដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ស្ត្រីខ្មែរ។

នាងលើកឡើងថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះអ្នកនយោបាយមិនគួរយកនយោបាយមកធ្វើជាមុខរបរ ឬលេងសើចនោះទេ។ ក្នុងនាមជាស្រ្តីមួយរូប នាងអំពាវនាវដល់អ្នកនយោបាយខ្មែរ កុំឱ្យមានផ្នត់គំនិតជាន់ឈ្លីចំពោះស្ត្រី ដោយសារស្ត្រីគឺជាមាតារបស់ពិភពលោក៕

ខាងក្រោមនេះជាវីដេអូរបស់កញ្ញា ហឿន ស្រីនិច៖