(ភ្នំពេញ)៖ កញ្ញា ហឿន ស្រីនិច ជាសមាជិករបស់ក្រុមយុវជនខ្មែរថាវរៈ ដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពេលនេះបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង ហើយចូលរួមជាមួយនឹងក្រុមយុវជន១០០រាត្រី ដើម្បីធ្វើសកម្មភាពគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាល។

ជាមួយនឹងការផ្តាច់ខ្លួននេះ កញ្ញាបានអំពាវនាវឱ្យយុវជនឈប់ជឿលើការញុះញង់របស់ក្រុមប្រឆាំង ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេស និងធ្វើសកម្មភាពដែលត្រឹមត្រូវ ស្របច្បាប់ឡើងវិញ។

តាមរយៈវីដេអូមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន កញ្ញា ស្រីនិច បានបញ្ជាក់ថា ពេលនេះនាងសម្រេចចិត្តចូលរួមជាមួយយុវជន១០០រាត្រី ដោយសារសកម្មភាពរបស់ខ្លួនកន្លងមកជាមួយយុវជនខ្មែរថាវរៈនោះ ជាសកម្មភាពមិនត្រឹមត្រូវ និងខុសច្បាប់ ដោយតែងចោទថា រាជរដ្ឋាភិបាលមាននិន្នាការមិនគោរពលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រទេសគ្មានការអភិវឌ្ឍ និងគ្មានការគោរពសិទ្ធិមនុស្សជាដើម។

នាងរៀបរាប់បន្តថា រូបនាងមានការដឹងខ្លួនថា អ្វីដែលខ្លួនធ្វើកន្លងមកជាមួយនឹងយុវជនខ្មែរថាវរៈ គឺជាសកម្មភាពចោទល្ងង់ បង្កចលាចល បង្កអសន្តិសុខនៅក្នុងប្រទេស។ ប៉ុន្តែពេលនេះ ទើបរូបនាងដឹងថា រាជរដ្ឋាភិបាលពិតជាបានផ្តល់ឱកាសច្រើន ជាពិសេសទឹកចិត្តសណ្តោសប្រណីរបស់ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា សម្រាប់យុវជនខ្មែរ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការងារសង្គម។

កញ្ញា ហឿន ស្រីនិច បានសំណូមពរដល់យុវជនផ្សេងទៀត ដែលជឿលើការញុះញង់ក្រុមប្រឆាំងកន្លងទៅកន្លងទៅ ឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាយុវជន១០០រាត្រី ដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿនទៅមុខថែមទៀត និងបានចូលរួមថែរក្សាសុខសន្តិភាពជូនប្រទេសទាំងអស់គ្នា៕

ខាងក្រោមនេះជាវីដេអូរបស់កញ្ញា ហឿន ស្រីនិច៖