(កណ្ដាល)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានធ្វើនៅទូទាំងខេត្តកណ្ដាល ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៨០១,៨៣៤នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៤៣៥នាក់។ នេះបើយោងតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល, ជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។
សម្រាប់សង្ក្រាន្តដែលទទួលបានភ្ញៀវច្រើនជាងគេ គឺសង្ក្រាន្តភ្នំព្រះរាជទ្រព្យ ដែលទទួលបាមភ្ញៀវជាង ៤សែននាក់ ខណៈដែលរដ្ឋបាលខេត្តបានប្រកាសធ្វើសង្ក្រាន្តធំនៅទីនោះជាមួយនឹងការរៀបចំបានយ៉ាងល្អស្អាត លាយឡំដោយការបាញ់ទឹក ដែលមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាអ្នកបើកឆាកកាន់ក្បាលបាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងស្នូរសម្លេងច្រៀងញាក់កន្ត្រាក់អារម្មណ៍ខ្ទរខ្ទារពេញបរិវេណភ្នំព្រះរាជទ្រព្យ លែងល្បែងកម្សាន្ត បាញ់ទឹក ជះទឹក ប៉ាតម្សៅ ជាមួយនឹងសម្លេងហ៊ោរកញ្ជៀវ សប្បាយរីករាយ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្ថិតក្នុងឱកាសល្អកម្ររកបាននេះ លោក គង់ សោភ័ណ្ឌ «បានរំលេចពីកត្តាសុខសន្តិភាព ទើបពួកយើងមានឱកាសសប្បយារីករាយយ៉ាងដូច្នេះ, ហើយសួរទៅកាន់ប្រជាជនថា តើនរណាជាអ្នកនាំមកនូវសន្តិភាពដែលធ្វើឱ្យពួកយើងអាចសប្បាយរីករាយបានយ៉ាងដូច្នេះ? ជាមួយនឹងស្នូរសម្លេងកងរំពងស្រែកព្រមគ្នាពោរពេញទៅដោយកម្លាំងចេញពីមាត់ពលរដ្ឋគ្រប់ៗ រូបក្នុងកម្មវិធីនេះ គឺសម្រែកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងស្នូរសម្លេងទះដៃ អំណរសាទរពោរពេញទៅដោយការពេញចិត្តពេញថ្លើមជាមួយនឹងទឹកមុខសប្បាយរីករាយឥតឧបមា»។
លោក គង់ សោភ័ណ្ឌ បានពន្យល់ដល់យុវជន និងពលរដ្ឋទាំងអស់ថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោរបស់ពួកយើង ដែលបានដឹកនាំប្រទេសជាតិយើងពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោ បាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋគ្រប់អាយុទាំងអស់ទូទាំងប្រទេស ដែលជាភាពវិសេសវិសាលមួយដ៏ខ្លាំំងរបស់មេដឹកនាំដ៏អស្ចារ្យយើង ដែលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍របស់យើងពីទុក្ខភ័យគឺជំងឺកូវីដ១៩ ហើយប្រទេសជាតិយើងសម្បូរសប្បាយ រុងរឿងតទៅមុខជារៀងដរាបក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។
អ្នកយកព័ត៌មានព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល លោក ហ្វាន់ ទី ក៏បានសួរសំណួរដដែលៗទៅកាន់យុវជនជាច្រើននាក់, ចម្លើយត្រឡប់មកវិញជាមួយនឹងអត្ថន័យដូចៗគ្នា គឺពួកគេអរគុណដល់លោកអភិបាលខេត្តដែលបានរៀបចំកម្មវិធីសង្ក្រាន្តដ៏អស្ចារ្យនេះឡើង ហើយក៏អរគុណជាពិសេសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសជាតិយើងបានល្អ មានសន្តិភាព បានសុខសប្បាយ បានរីកចម្រើន ហើយប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតឈានចូលដល់ឆាប់ៗនេះ។
ពលរដ្ឋសម្រុកមកលេងយ៉ាងសប្បាយរីករាយហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសន្តិភាពពេញលេញបរិបូរណ៍ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ខេត្តកណ្ដាលបានយ៉ាងមានប្រសិទ្ធភាព ។
សម្រាប់សង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនេះទៀតសោត គឺជាសក្ខីកម្មយ៉ាងច្បាស់លាស់បង្ហាញពីតម្លៃសន្តិភាពយ៉ាងពិតប្រាកដ ដែលកម្ពុជាយើងជាង៥០០ឆ្នាំមកហើយមិនដែលជួបឡើយ ទើបតែមកជួប និងភ្លក់រសជាតិយ៉ាងផ្អែមល្ហែមនៃសន្តិភាពពេញលេញនៅសម័យតេជោសែនយើងនេះទេ ដែលពលរដ្ឋយើងទូទាំងនគរ ស្គាល់រសជាតិសេរីភាព សិទ្ធិពេញលេញ រស់រានមានជីវិតយ៉ាងសប្បាយរីករាយ ស្គាល់តែការរីកចំរើន ការអភិវឌ្ឍន៍ ស្គាល់ពីការរួបរួមជាតិជាធ្លុងមួយបានយ៉ាងដូច្នេះ។ ដូច្នេះទើបអភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ បានកាន់ក្បាលមេក្រូស្រែកទៅកាន់ពលរដ្ឋទាំងអស់ថា «អរគុណសន្តិភាព, អរគុណសម្ដេចតេជោហ៊ុន សែន ,មានសន្តិភាព មានការអភិវឌ្ឍន៍, សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តភាពរុងរឿង រីកចំរើន លូតលាស់ និងសន្តិភាពពេញលេញបន្តទៀត !!»។
សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ៍ ការលេងល្បែងប្រពៃណីជាតិ ល្ខោន ឆាកតន្ត្រី ការបាញ់កាំជ្រួចឡើងកក្រើកមេឃា...។ល។ ការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យបរិវេណភ្នំព្រះរាជទ្រព្យមានសភាព និងភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនាកម្សាន្តរយៈពេល៣ថ្ងៃយ៉ាងច្រើនកុះករ កកកុញពេញទៅដោយមនុស្សទឹកមុខសប្បាយរីករាយ៕