(តាកែវ)៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានឃាត់ក្រុមចោរឆក់ចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបណ្តាលឱ្យដួលបោកទៅនឹងថ្នល់កៅស៊ូររងរបួសធ្ងន់ស្រាល។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៣៖០០នាទី ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូកលាយស គ្មានផ្លាកលេខប្រដាប់ដោយកាំបិតក្រង៉ុក បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះចំនួនពីរនាក់ ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបកូនតូចតូចៗ២នាក់ ចេញពីផ្សារអង្គតាសោម តាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញ តែពេលធ្វើសកម្មភាពជនសង្ស័យឆក់យកទូរសព្ទពុំបានទេដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញទើបបណ្ដាលឱ្យដួលម៉ូតូរងរបួសទាំងម្ដាយ និងកូន២នាក់។ ក្រោយធ្វើសកម្មភាពបានសម្រេចមិនបានប៉ុន្មានម៉ោងត្រូវកម្លាំងនគរបាល តាមបង្រ្កាបបានភ្លាមតែម្តង។
លោកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖
ទី១៖ ឈ្មោះ ម៉ម សុខ ហៅ កែវ ភេទប្រុសអាយុ ១៨ឆ្នាំ នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
និងទី២៖ ឈ្មោះ ថន លីហ្សា ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកជនរងគ្រោះរួមមាន៖
ទី១៖ ឈ្មោះ ឆែត ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ទី២៖ ឈ្មោះ រឿន ចំរើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ និងរួមដំណើរមានកុមារ ២នាក់ទៀតផងដែរ។
លោកអធិការរូបនេះ បានបន្តថា ក្រោយពីរទទួលបានព័ត៌មានពីកន្លែងកើតហេតុ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសមត្ថកិច្ច បានចេញអន្តរាគមន៍ភ្លាមៗដោយឃាត់បានជនសង្ស័យទាំងពីរនាក់ ព្រមទាំងវត្ថុតាងម៉ូតូម៉ាកនិច និងកាំបិតក្រង៉ុកត្រង់ចំណុច ភូមិសេកយា ឃុំអង្គតាសោមភ្លាមៗតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់ចំនួន៤ លើករួចមកហើយ។
បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកត្រាំកក់ បានកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕