(ស្ទឹងត្រែង)៖ លោក ស្វាយ​ សំអ៊ា​ង​ អភិបាលខេត្ត​ និង​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត​ស្ទឹងត្រែង នៅរសៀល​ ថ្ងៃ​ទី១៨​ ខែមេសា​ ឆ្នាំ២០២៣​ បន្តនាំយកអំណោយ​កាកបាទក្រហម​កម្ពុជា​ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុង​ស្រុក​បុរី​អូស្វាយ​សែន​ជ័យ​​។

ពិធីនេះអមដំណេីរដោយលោកអភិបាល​ស្រុក​ រួមនឹងសមាជិក​គណៈកម្មការ​សាខា​កាកបាទក្រហម​ខេត្ត​ នាយកសាខា​ អាជ្ញាធរស្រុក​ ដោយ​បាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួន​ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​ ៣៦​គ្រួសារ​បន្ថែម​ទៀត​ ក្នុងឃុំចំនួន​៣​រួមមាន៖​ ឃុំ​កោះស្នែង​ ឃុំព្រះរំកិល​ ឃុំ​អូស្វាយ​ ក្នុង​ស្រុក​​បុរី​អូស្វាយ​សែន​ជ័យ​​។

កក្នុងឱកាសនោះ លោក ស្វាយ​ សំអ៊ាង​ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាកពិសេសជនពិការ ចាស់ជរា​ និងគ្រោះ​ធម្មជាតិ​ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជា​ពលរដ្ឋ​ត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវប្រុងប្រយ័ត្នចំពោះ ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

អំណោយ​កាកបាទក្រហម​កម្ពុជា​ រួមនិង​ថវិកា​ផ្ទាល់​របរបសលោកអភិបាល​ ចែកជូនដល់ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​៣៦​គ្រួសារ​ ក្នុង​មួយទទួលបានថវិកា៥០,០០០​រៀល រួមនិង​អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១ឡូ ទឹកសុទ្ធ និងសម្ភារៈ​ប្រេី​ប្រាស់មួយចំនួន​​៕