(ត្បូងឃ្មុំ)៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជន ជូនដល់ក្រុមគ្រូពេទ្យ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យជុំវិញមន្ទីរ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៧ ក្រុង/ស្រុក គណវិជ្ជាជីវៈ គណគ្រូពេទ្យ គណគិលានុបដ្ឋាក និងលោក-លោកស្រី ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនជិត៤០០នាក់ នៅទូទាំងខេត្តត្បូងឃ្មុំ។

លោកឱសថការី ផុល ពន្លឺ បានឡើងអានរបាយការណ៍សកម្មភាពរបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាពេលកន្លងមក ក្នុងការចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះអ្នកផ្តល់សេវា សុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជននានា ក្នុងខេត្តជូនដល់អង្គពិធីជ្រាបផងដែរ។

នាឱកាសនេះ លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាលឯកជនតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជន ពិតជាអាចជួយពង្រឹង ដល់សេវាសុខាភិបាលឯកជន ព្រោះស្ដង់ដារអប្បបរមានេះ បានកំណត់នូវលក្ខខណ្ឌសមស្រប ក្នុងការបើកឱ្យដំណើរការ ការត្រួតពិនិត្យគុណភា នៅពេលកំពុងដំណើរការ និងការបន្តសុពលភាព ដែលម្ចាស់មូលដ្ឋានសុខាភិបាល ឯកជន ត្រូវតែអនុវត្តតាម ជាចំបាច់ និងជានិច្ចកាលផងដែរ៕