(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋ ១,០០០គ្រួសារ ដែលមានចំនួន១,០៣០បណ្ណ ស្ថិតនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមការងារសូរិយោដី ពិសេសប្រធានមន្ទីរដែនដី ធ្វើការលឿនរហ័សបានល្អ ប្រកបដោយប្រសិទ្ធភាព។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែកប្លងរឹងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។
លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តកណ្ដាល បានលើកឡើងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦លើក ស្មើនឹង ២៧០,៩២៦បណ្ណ ហើយថ្ងៃនេះ គឺជាលើកទី១៨៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង សរុបចំនួន ១,០៣០បណ្ណ ស្មើនឹង ៥១៣គ្រួសារ៕