(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីសុខាភិបាលកម្ពុជា បានអញ្ជើញជាអធិតីភាព ក្នុងពិធីចុះហត្ថលេខារវាងមន្ទីរពេទ្យកម្ពុជា និងមន្ទីរពេទ្យបារាំង លើគម្រោងកិច្ចសហការក្នុងការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរការសិក្សា ការផ្ដល់នូវឧបករណ៍បរិក្ខារពេទ្យ និងការបញ្ជូនអ្នកជំងឺ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីមន្ទីរពេទ្យដៃគូ និងមន្ទីរពេទ្យកម្ពុជាផងដែរ រួមមាន៖ លោកវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ, លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកវេជ្ជបណ្ឌិត កាក់ សីលា នាយកមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង, លោកសាស្ដ្រាចារ្យ យិន ស៊ីណា នាយកមន្ទីរពេទ្យបង្អែកខេត្ដកំពង់ចាម។

ការចុះហត្ថលេខានេះ ជាកិច្ចសហការក្នុងការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរការសិក្សា ការផ្ដល់នូវឧបករណ៍បរិក្ខារពេទ្យ និងការបញ្ជូនអ្នកជំងឺពីមន្ទីរពេទ្យចំនួន៤របស់កម្ពុជា រួមមានមន្ទីរពេទ្យជាតិចំនួន២ គឺមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកខេត្ដចំនួន២ រួមមាន មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង និងខេត្ដកំពង់ចាម ទៅកាន់មន្ទីរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse ប្រទេសបារាំង។

តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន បានឲ្យដឹងថា ការចុះហត្ថលេខា កម្ពុជា-បារាំងនេះ គឺសំដៅទៅលើ៤ គោលដៅធំៗគឺ៖

១៖ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ផ្លាស់ប្ដូរការសិក្សារវាងនិស្សិត និងក្រុមគ្រូពេទ្យកម្ពុជា​ ទៅសិក្សានៅបារំាង
២៖ ការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់កម្ពុជា
៣៖ ការផ្លាស់ប្ដូរអ្នកជំងឺទៅព្យាបាលនៅបារាំង
៤៖ គ្រូពេទ្យបារំាង អាចមកធ្វើប្រតិបត្ដិការនៅកម្ពុជា និងបណ្ដុះបណ្ដាលនិសិ្សត និងក្រុមគ្រូពេទ្យ

លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា នៅថ្ងៃស្អែកនេះភាគីដៃគូបារាំង នឹងអញ្ជើញចុះទស្សនៈនៅតាមមន្ទីរពេទ្យមួយចំនួនដែលបានចុះហត្ថលេខាសហប្រតិបត្តិការរួចហើយនេះ។

សូមជម្រាបថា មន្ទីរពេទ្យបារាំងខាងលើនេះ ជាមន្ទីរពេទ្យដ៏ល្បីប្រចាំប្រទេស ដែលមានពហុជំនាញ ពិសេសឯកទេស ច្រមុះ ត្រចៀក បំពង់ក ជាដើម៕