(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាបោះជំហានទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ការថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអីស្លាម ស្រាយបួស និងពិសារអាហារសាមគ្គី នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលជាតិ និងសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូន សាសនិកខ្មែរឥស្លាមទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពជឿជាក់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេស។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវការគោរពនូវសិទ្ធិសេរីភាពជំនឿ លើកស្ទួយ និងគាំទ្រគ្រប់សាសនាជាតិសាសន៍ ប្រឆាំងដាច់ខាតការរើសអើងបែងចែកជំនឿសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានផ្តល់នូវឋានៈ តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែឥស្លាមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់បងប្អូន សាសនិកខ្មែរឥស្លាមទាំងអស់ ត្រូវរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ការញុះញង់ និងការឃោសនាដែលគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងបំណងបំបែកបំបាក់កម្ពុជា និងសូមបន្តរួមគ្នាអភិវឌ្ឍ និងធ្វើសុខដុមនីយ៍កម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើង ដើម្បីសុខសន្តិភាព ការអភិវឌ្ឍមូលដ្ឋានរបស់យើង និងចេះរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាពនៅក្នុងសង្គមជាតិ បន្តចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងពិធីពោរពេញដោយសេចក្តីរីករាយស្និទ្ធស្នាលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បានឧបត្ថម្ភអំណោយជាថវិកា សារុង ដល់អ្នកចូលរួម ស.ស.យ.ក និងអ្នកពាក់ព័ន្ធសរុប៥៦០នាក់ និងឧបត្ថម្ភម៉ូតូ០១គ្រឿង ជូនដល់ក្មួយស្រីដែលគ្រួសារមានជីវភាពលំបាក ដែលសរុបរួមជាថវិកាប្រមាណ ១៥លាន១៨០ពាន់រៀលគត់៕