(ព្រៃវែង)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំ ខេត្តព្រៃវែងម្នាក់ និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីផ្ទុះអាវុធបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៉ីសងជល់មាន់។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យផ្អាកការងារបណ្ដោះអាសន្នអធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ ករណីផ្ទុះអាវុធបណ្ដាលឲ្យមានអ្នករងរបួស ក្នុងប្រតិបត្តិការបង្ក្រាបល្មើសល្បែងជល់មាន់»

សូមរំលឹកថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ប៉ុន្ដែពេលចុះបង្ក្រាបនោះ អ្នកលេងល្បែងបានប្រតាយប្រតប់គ្នា ជាមួយកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរាកៃកាំភ្លើងត្រូវរបួសម្នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះល្បាតចល័ត ក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីកាពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ និងបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។

ពេលចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគេលបលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានព័ត៌មានលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែងស៊ីសង (ជល់មាន់) ពិតប្រាកដមែន គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចភ្លាម ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាច។

ខណៈនោះលោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឲ្យពួកគាត់ឈប់ តែពួកគាត់មិនព្រមស្ដាប់នោះទេ ហើយលោកអធិការរង ក៏បានទៅចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឲ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឲ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះខាងឆ្វេងតែម្ដង៕