(ព្រៃវែង)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីការ ងារចុះបើកវគ្គបណ្តុះបណ្តលមួយស្តីពី ការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហកូដកម្ម បាតុកម្មដល់អធិការស្រុក មេបញ្ជាការ កងរាជអាវុធហត្ថស្រុក មេបញ្ជាផ្នែកសឹករងស្រុក មេប៉ុស្តិ៍ មេឃុំ-សង្កាត់ ទូទៅខេត្តព្រៃវែង។
លោក ពេជ សោភ័ន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយកូដកម្ម បាតុកម្មបាតុកម្ម ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវពុទ្ធិដ៏ពិសិដ្ឋសម្រាប់សិក្ខាកាម ដែលជាមន្រ្តីរាជការកងកម្លាំងទាំងបីក្របខ័ណ្ឌ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធទាំងអស់នូវសតិអារម្មណ៍ ការស្គាល់នូវតួនាទី ភារកិច្ចរបស់ខ្លួន ក្រមសីលធម៌វិជ្ជាជីវៈ នៅថ្នាក់ក្រោមជាតិ ដែលកក្តាទាំងអស់នេះ នឹងនាំមកនូវទំនុកចិត្តពី ប្រជាពលរដ្ឋរបស់យើង។
លោករដ្ឋលេខាធិការបានបន្តថា «មូលហេតុដែលបណ្តាលឱ្យមានបាតុកម្ម កូដកម្មកន្លងមក គឺមកពីកត្តាបច្ចេកទេស កក្តានយោបាយ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវយកចិត្តទុកដាក់រកឱ្យឃើញនូវមុខសញ្ញាទាំងនេះ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេល ជាពិសេស ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការសុខភាពរបស់កម្មករ កម្មការីនីកុំឱ្យមានជម្ងឺ និងបញ្ហាផ្សេងៗ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគិតគូរអំពីជីវភាព និងសុខមាលភាពរបស់ ប្រជាពលរដ្ឋ កម្មករ-កម្មការីនី គ្រប់ពេលវេលា៕