(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា កម្ពុជានិងមីយ៉ាន់ម៉ា ជាសមាជិកគ្រួសារអាស៊ានតែមួយ ជាប្រទេសដែលមាន វប្បធម៌ប្រពៃណី ស្រដៀងគ្នា និងកាន់សាសនាព្រះពុទ្ធដូចគ្នា ដូច្នេះប្រទេសទំាងពីរ ត្រូវពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការជាមួយគ្នា នៅលើគ្រប់វិស័យ ក្នុងនោះមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ វប្បធម៌ជាដើម។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងបែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឲ្យ លោក យូ មីយិន ស៊ឺ (U Myint Soe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
សម្តេចពញាចក្រី ហេង សំរិន បានគំាទ្រ និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូត ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជានិងមីយ៉ាន់ម៉ា មានការ រីកចម្រើន បោះជំហ៊ានទៅមុខជាលំដាប់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ជាការឆ្លើយតប លោក យូ មីយិន ស៊ឺ បានលើកឡើងថា មីយ៉ាន់ម៉ាជាប្រទេសថ្មីមួយ ក្នុងចំណោមសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA)។ រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ទើបតែប្រសូត្រឡើងនៅឆ្នាំនេះ ក្រោយពីមានការបោះឆ្នោត ជាសកលមួយ។ រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា បានកំណត់ផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់ខ្លួន ក្នុងការសម្រេចឲ្យបាននូវសុខ សន្តិភាព ការគោរពនីតិរដ្ឋ និងដំណើរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ចំពោះទំនាក់ទំនងអន្តរជាតិវិញ មីយ៉ាន់ម៉ា ជាប្រទេសឯករាជ្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមានដោយក្នុង នោះមីយ៉ាន់ម៉ានឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយប្រទេសជិតខាង ដែលមានកម្ពុជាមួយដែរ។ ប្រទេសមីយ៉ាន់ម៉ា នឹងទទួល រៀបចំកិច្ចប្រជុំអាស៊ាន និងអន្តរ សភាអាស៊ាន(AIPA) នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិនគ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំនោះដែរ។ លោកយូ មីយិន ស៊ឺ បានចាត់ទុកថាព្រឹត្តិការណ៍នាពេលខាង មុខនេះ មានសារសំខាន់ណាស់ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការទទួលបាន បទពិសោធន៍ពីអាស៊ាន ដែលជាផ្នែកមួយ ជួយចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសមីយ៉ាន់ម៉ា៕