(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ មានសប្បុរសជន ជាបន្តបន្ទាប់បាននាំយកថវិកាសប្បុរសធម៌ មកជូនកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឲ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត។

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោកស្រី សាយ ចាន់ណាក់ នាយិការរងខុទ្ទុកាល័យសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ជាសទ្ធាជ្រះថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមវត្ដមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ក្នុងនាមតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច វិបុលសេនាភក្តី និងលោកជំទាវ ដែលមានទឹកចិត្ត សប្បុរសធម៌ ចូលរួមចំណែកជាមួយកាក បាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំក្នុងទិវា៨ឧសភា ដែលនេះគឺជាកាយវិការប្រកបដោយបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ។

លោកស្រីបានបញ្ជាក់ទៀតថា «ទោះបីយើងមិនប្រារព្ធមិទ្ទីងអបអរសាទរក្តី តែកាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ច ចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា,ស្បៀង និងសម្ភារៈនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយ រងគ្រោះដែលត្រូវការចាំកាជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា មានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធានប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លា ជួយ កាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ ដោយយោងតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី ពុំ ចន្ទីនី បានប្រគល់ថវិកាមនុស្សធម៌កាកបាទក្រហមកម្ពុជា ចំនួន១៨លានរៀល ជូនលោក គីម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដើម្បីយកទៅចាត់ចែងប្រើបាស់ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ថវិកានេះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នឹងប្រើប្រាស់សម្រាប់ការរៀបចំអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា រួមនឹងការទិញជាសម្ភារៈមួយចំនួន សម្រាប់ជូនស្ត្រីមានផ្ទៃពោះ ដែលជាប់ក្នុងមន្ទីរ ឃុំឃាំង និងកុមារ រស់នៅជាមួយម្តាយដែលកំពុងជាប់ពិរុទ្ធ នៅតាមពន្ធនាគារនានា ដើម្បីធ្វើយ៉ាងណាជួយសម្រាលបន្ទុករបស់ស្ត្រី និងកុមារទាំងអស់នោះ លើផ្នែកជីវភាពរបស់ពួកគាត់៕