(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេង សម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស លើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមកាងារដែលបានយកចិត្តទុកដាក់ ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះ ឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះ ស្របតាមសំណូមពរ និងតាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះ ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ។

សូមជម្រាបជូនដែរថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណង ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ប្រទេជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕