(ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ប៉ុន្ដែពេលចុះបង្ក្រាបនោះ អ្នកលេងល្បែងបានប្រតាយប្រតប់គ្នាជាមួយកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរាកៃកាំភ្លើងត្រូវរបួសម្នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះ ល្បាតចល័ត ក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីកាពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ និងបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។
ពេលចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគោលបលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បន្ទាប់ពីទទួលបានព័ត៌មានលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែងស៊ីសង (ជល់មាន់) ពិតប្រាកដមែន គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចភ្លាម ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាច។
ខណៈនោះលោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឲ្យពួកគាត់ឈប់ តែពួកគាត់មិនព្រមស្ដាប់នោះទេ ហើយលោកអធិការរង ក៏បានទៅចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឲ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឲ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះខាងឆ្វេងតែម្ដង។
បច្ចុប្បន្ន អធិការរង ដែលធ្វើឲ្យផ្ទុះអាវុធរងរបួសអ្នកលេងល្បែងខាងលើ ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ជាមួយគ្នានេះ ស្នងការនគរបាលខេត្ត ក៏ចាត់បញ្ជូនមន្ត្រីជំនាញចុះទៅ ត្រួតពិនិត្យ និងស្រាវជ្រាវលម្អិតរកភាពច្បាស់លាស់ទៅលើករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕