(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន ២នាក់ និងផ្ទះជាង ៣០០០ខ្នង ត្រូវខូចខាតធ្ងន់និងស្រាល ដោយសារតែគ្រោះធម្មជាតិ ពេលចូលឆ្នាំថ្មី។ នេះបើតាមការបញ្ជាក់ របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់មកបណ្តាញ Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

លោក សុទ្ធ គឹមកុលមុនី បានឲ្យដឹងថា ខ្យល់កន្ត្រាក់នៅថ្ងៃចូលឆ្នាំ បានបង្កផលប៉ះពាល់ដល់រាជធានីខេត្ត ចំនួន២៤ លើកលែងតែខេត្តកែប។ ក្នុងនោះ មានផ្ទះរលំ និងខូចធ្ងន់ ២១៨ខ្នង ខណៈរបើកដំបូល និងខូចមធ្យម ២៨៥៨ខ្នង សរុប ៣០៧៦ខ្នង។

បន្ថែមលើនេះ អ្នកនាំពាក្យបានឲ្យដឹងទៀតថា ក៏មានករណីខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលសាលាចំនួន១៥ និងលិចទូកនេសាទនៅសមុទ្រចំនួន៥។ ជាមួយគ្នានេះ មានករណីរន្ទះបាញ់ស្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យងាប់គោ ៥ក្បាលទៀតផង។

លោកបន្តថា ពេលចូលឆ្នាំក៏មានករណីស្លាប់ដោយសារព្យុះ ១នាក់ និងរបួស ១៩នាក់ ផងដែរ៕