(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យាម្នាក់ ដែលបានឃាត់ហៅរថយន្ត មិនបានត្រឹមត្រូវ នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

សេចក្ដីបំភ្លឺ បានសរសេរថា «បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង៣រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន ដូច្នោះមន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យាម្នាក់ ត្រូវបានអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក ជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់»

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណា ដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕