(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបពិភាក្សាការងារ និងប្រមូលធាតុចូលសំដៅត្រៀមលក្ខណៈ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ លើកិច្ចគាំពារសង្គមនៅកម្ពុជា។
ការអនុញ្ញាតឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបពិភាក្សាការងារ ធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
លោក វង សូត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីជាប្រធាន ដោយកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យប្រព័ន្ធគាំពារ សង្គមកាន់តែមានការវិឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកបានបន្ដថា ជាក់ស្តែងក្នុងអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ១៩ មិនបានធ្វើឱ្យប្រព័ន្ធគាំពារសង្គម ដើរថយក្រោយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រព័ន្ធនេះ កាន់តែអភិវឌ្ឍខ្លួនយ៉ាងលឿនមួយកំរិតទៀត ដើម្បីគាំពារប្រជាពលរដ្ឋជៀសផុត ពីការធ្លាក់ចូលក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យកម្ពុជា កាន់តែមានភាពធន់ខ្លាំងជាងមុន ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែងតែអបអរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធ និងកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងសង្គមកិច្ច នឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានា ដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២នេះ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គមនានា ដែលក្រសួងកំពុងអនុវត្ត ។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាកត្តាសំខាន់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូល របស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិតបានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជា កាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាព លើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា៕