(លីបង់)៖ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ លោកវរសេនីយ៍ឯក រ័ត្ន តុលា មេបញ្ជាការកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ ព្រមទាំងនាយទាហាន នាយទាហានរង បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅក្នុងបន្ទាយកម្ពុជា ស្ថិតក្នុងភូមិ Blat (បាឡាត់), ឃុំ Marjaryoun (ម៉ាចាយ័ន) នៃសាធារណរដ្ឋលីបង់។

កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងបន្ទាយកម្ពុជា ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ជនជាតិខ្មែរ ជូនដល់កងកម្លាំងគ្រប់ជាតិសាសន៍ ក្នុងតំបន់បេសកកម្មឱ្យបានស្គាល់ពីវប្បធម៌ខ្មែរ។

ក្នុងឱកាសនោះ កងកម្លាំងកម្ពុជាបានសម្ដែងរបាំត្រុត ឆៃយាំ និងលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងមានការរាំលេង ចង្វាក់ប្រពៃណីខ្មែរ ដែលមានការចូលរួមរាំលេងកម្សាន្តពីកងកម្លាំងគ្រប់ជាតិសាសន៍ ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែសប្បាយរីករាយ៕