(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៉ើបសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសួរនាំ មិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយទេ ហើយសម្រាប់បទចោទប្រកាន់វិញ ត្រូវបានតំណាងអយ្យការរក្សាដដែល ដូចអ្វីដែលសមត្ថកិច្ចបានបញ្ជូនមក ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់។

ទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមដែរថា ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។

សូមរំលឹកថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣៕