(ក្រចេះ)៖ អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មី ចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
កូនផ្សោតថ្មីមួយក្បាលទៀតនេះ ត្រូវបានគេចាប់ផ្ដើមប្រទះឃើញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ហើយអ្នកបើកទូកទេសចរបានរាយការជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។
ក្រោយទទួលបានព័ត៌មាន នៅថ្ងៃទី១៨ ខែមេសានេះ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបាន ចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល។ ជាច្បាប់ធម្មជាតិកំណត់ សត្វផ្សោតអាចរស់បានត្រឹមអាយុ ៣០ឆ្នាំប៉ុណ្ណោះ ហើយការបង្កើតកូនវិញ គឺធ្វើឡើងរយៈពេល២ឆ្នាំម្ដង។ បច្ចុប្បន្ននៅក្នុងខេត្តក្រចេះ សត្វផ្សោតមានជាង៥០ក្បាល និងខេត្តស្ទឹងត្រែង មានជាង៣០ក្បាល។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ បានចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនេះ គឺដើម្បីការពារ និងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត៕