(សិង្ហបុរី)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើការចាប់ដៃគូយុទ្ធសាស្ត្រអាជីវកម្មជាផ្លូវការ ដែលជាការចាប់ផ្តើមសហការគ្នាលើកម្រោង និងគំនិតផ្តួចផ្តើមជាច្រើននៅកម្ពុជា។

អនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងដោយការចុះហត្ថលេខារវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា អមដោយការចុះហត្ថលេខាសក្ខីភាពដោយ លោក Solmaz Altin នាយកគ្រប់គ្រងអាជីវកម្មយុទ្ឋសាស្ត្រ ព្រូដិនសល ភីអិលស៊ី និងលោក Paul Clements អនុប្រធានយុទ្ធសាស្ត្រ និងការវិនិយោគនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា «បច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្ដូរពិភពលោក ហើយអ្នកចូលរួមក្នុងវិស័យនេះ កំពុងស្វែងរកឱកាសចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្គត់ផ្គង់ និងផ្តល់នូវដំណោះស្រាយជាប្រព័ន្ឋមួយឱ្យកាន់តែប្រសើរឡើងដល់អតិថិជន»

ដោយឡែក លោក Solmaz Altin នាយកគ្រប់គ្រងអាជីវកម្មយុទ្ធសាស្រ្តព្រូដិនសល ភីអិលស៊ី បានមានប្រសាសន៍ថា៖ «ជាមួយនឹងចំនួនប្រជាជនជាង ១៧លាននាក់ និងអត្រានៃការអភិវឌ្ឍវិស័យធានារ៉ាប់រងត្រឹម ១.១% នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនព្រូដិនសល ប្ដេជ្ញាចិត្តក្នុងការពង្រីកវិសាលភាព និងការវិនិយោគបន្ថែមទៀតលើបណ្តាញចែកចាយរបស់យើង ដើម្បីអាចបម្រើសេវាកម្មជូនដល់ប្រជាជនឱ្យកាន់តែច្រើន។ យើងមានសេចក្តី សោមនស្សរីករាយក្នុងការចាប់ផ្ដើមដៃគូសហការយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីជំរុញនូវការផ្តល់សេវាហិរញ្ញវត្ថុបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា»

លោក Sanjay Chakrabarty អគ្គនាយក នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូយុទ្ធសាស្រ្តអាជីវកម្មរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការនាំយកនូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាព ដែលមានតម្លៃសមរម្យ ជូនដល់គ្រប់ក្រុមគ្រួសារនិងសហគមន៍នៅកម្ពុជា»

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះក៏ជាផ្សារភ្ជាប់សម្ព័ន្ធភាពរវាងក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយ នៅក្នុងទីផ្សារ ជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនអាជីវកម្មមានសហគ្រាសចម្រុះ និងបណ្ដាញភ្នាក់ងារធំជាងគេ ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមមួយ ក្នុងការផ្ដល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុ ទៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។

ជារួមភាពជាដៃគូយុទ្ធសាស្ត្រនេះ គ្របដណ្តប់លើវិស័យនានាសម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដូចជាវិស័យធានារ៉ាប់រង ធនាគារ ហិរញ្ញវត្ថុ អចលទ្រព្យ និងគម្រោងផ្សេងៗទៀតដែលជាប្រយោជន៍ដល់សង្គមជាតិ។

សម្រាប់ព័ត៌មានលម្អិត អំពីគម្រោងយុទ្ឋសាស្ត្រ នឹងត្រូវបានចេញផ្សាយក្នុងពេលក្រោយ ខណៈដែលក្រុមហ៊ុនទាំងពីរ កំពុងសិក្សាអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ៕