(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានអង្កេតឃើញថា សង្ក្រាន្តឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រារព្ធធ្វើគ្រប់វត្តអារាមទូទាំងប្រទេស និងចេញដើរលេងកម្សាន្តជាង ១៤លាននាក់ ដោយសប្បាយរីករាយ។
បើតាម លោក សួន សេរីរដ្ឋា, កត្តាដែលបង្កបរិយាគ្រប់ជូនប្រជាពលរដ្ឋកម្ពុជា អាចដើរលេងកម្សាន្ត នាពិធីបុណ្យចូលឆ្នាំថ្មី នេះគឺកើតឡើងដោយសារកត្តាជាច្រើនរួមមាន៖
ទី១៖ ស្រុកទេសមានសន្តិភាព ប្រជាពលរដ្ឋរស់ក្រោមម្លប់សន្តិភាព បានក្រេបរស់ជាតិសន្តិភាពពិតប្រាកដ ភូមិ ស្រុក មានសុវត្ថិភាព និងសន្តិសុខពេញលេញ
ទី២៖ ប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើវិធានការពារសុខមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាល ដោយសារគោលនយោបាយវ៉ាក់សាំងកូវីដ១៩ បានស្រោចបង្ការ និងការពារបាន
ទី៣៖ ប្រទេសមានលំនឹងសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ពិសេសប្រជាពលរដ្ឋ ៩០% ជាកសិករប្រមូលផលកសិកម្មបានទិន្នផលខ្ពស់ លក់មានតម្លៃល្អ មានសល់ប្រាក់កាសសម្រាប់ធ្វើដំណើរកម្សាន្ត
ទី៤៖ ហេដ្ឋារចនាសម្ព័ន្ធល្អ មានស្ពាន ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវខេត្ត ផ្លូវជនបទតាមស្រុក ឃុំ ភ្ជាប់ទៅភូមិ ទៅវត្ត និងទីកន្លែងកម្សាន្តរមណីយដ្ឋាននានាងាយស្រួលធ្វើដំណើរ និងមានអ្នកធ្វើដំណើរក៏ដូចជាអ្នកលក់ដូរអាហារ មានមិនដាច់នៅតាមផ្លូវ
ទី៥៖ ប្រព័ន្ធទូរគមនាគមន៍ សេវាទូរស័ព្ទ និងអ៉ីនធើណេត មានគ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេស ពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ធ្វើឱ្យទេសចរណ៍ក្នុងស្រុកងាយស្រួលទាក់ទងគ្នា និងថតរូបង្ហោះលេងតាមបណ្តាញសង្គម
ទី៦៖ សេវាហូបចុក ថ្លៃម្ហូបអាហារ គ្រឿងភេសជ្ជៈគ្រប់មុខ រក្សាបាននូវតម្លៃថោកសមរម្យ មិនឡើងថ្លៃ ហើយអ្នកលក់ដូរតាមដងផ្លូវ កន្លែងកម្សាន្តនានា យល់ដឹងពីអនាម័យ និងចម្អិនមានរស់ជាតិឆ្ងាញ់
ទី៧៖ រាជរដ្ឋាភិបាល អាចរក្សាបាននូវតម្លៃប្រេងសាំង មិនឱ្យលោតឡើងថ្លៃដូចបណ្តាប្រទេសមួយចំនួន ជាហេតុនាំឱ្យគ្រប់គ្នាអ្នកធ្វើដំណើរមិនសូវចំណាយច្រើនលើប្រេងសាំង
ទី៨៖ រាជរដ្ឋាភិបាលបានសម្រួលផ្តល់ជូននូវការធ្វើដំណើរឥតគិតថ្លៃតាមរថយន្តក្រុងរបស់រដ្ឋ ពីរាជធានីភ្នំពេញ ចេញទៅគ្រប់ខេត្ត
និងទី៩៖ ពិសេសបំផុតប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកពេលពេលវេលាចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្ត ជាមួយប្រជាពលរដ្ឋយ៉ាងមានភាពស្និទ្ធស្នាល សប្បាយរីករាយជាមួយជនរួមជាតិយ៉ាងសមញ្ញដោយមិនប្រកាន់ឋានៈ
លោកបញ្ជាក់ថា ទាំង៩ចំណុចនេះហើយ ជាកាត្តាធ្វើឱ្យសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រារព្ធដោយជោគជ័យ សប្បាយរីករាយនៅទូទាំងប្រទេស និងពិសេសនៅតាមវត្តអារ៉ាម ភូមិស្រុកខ្លះ បាននៅបន្តលេងលើសពី៣ថ្ងៃ មិនទាន់ចប់នៅឡើយ គិតត្រឹមថ្ងៃ១៧ មេសា៕