Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរសជនបានឧបត្ថមគោយន្តភ្ជួរដី១គ្រឿង ជូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក

12-07-2016 15:01

(សៀមរាប)៖ គោយន្តភ្ជួរដី ១គ្រឿងតម្លៃ​ ១៧៥០ ដុល្លារអាមេរិក ក្រោមការឧបត្ថមពី មន្ត្រីបុគ្គលិកគម្រោងអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក និងក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាម បានប្រគល់ជូន ប្រជាជននៅ ភូមិធម្មជាតិរុនតាឯក។

នៅក្នុងពិធីប្រគល់នេះ ក៏មានការចូលរួមពី លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោង អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងជាទីប្រឹក្សាអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក រួមទាំងក្រុមការងារ អាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងភូមិរុនតាឯក ១០០គ្រួសារ។

លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោង អភិវឌ្ឍន៍ធម្មជាតិ រុនតាឯក បានឲ្យដឹងថា  «គោយន្តថ្មីនេះមិនមែនជាកម្មសិទ្ធិ របស់អាជ្ញាធរជាតិអប្សរាទេ វាជាអំណោយរបស់ សប្បុរជនក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាមចំនួន១០០០ដុល្លារ និងការរួមចំណែករបស់អ្នកភូមិ និងក្រុមការងារផងចំនួន ៧៥០ ដុល្លារ ដើម្បីបង្គ្រប់តម្លៃទិញគោយន្ត១៧៥០ដុល្លារ ជូនប្រជាជនក្នុង ភូមិធម្មជាតិរុនតាឯក។ ដូច្នេះហើយទាំងការគ្រប់គ្រង ការជួសជុល ថ្លៃឈ្នួលអ្នកភ្ជួរ ថ្លៃប្រេង គឺជាបន្ទុករបស់ម្ចាស់ដីស្រែនោះ»

លោកបន្តទៀតថា ដំបូងឡើយ ក្រុមហ៊ុន SBI MIEN NAM ចង់យកលុយ១០០០ដុល្លារ នោះទិញគ្រឿងឧបភោគបរិភោគ ជូនអ្នកភូមិ២០គ្រួសារ តែដោយសារអ្នកភូមិនៅទីនេះមានដល់១០០គ្រួសារ ទើបខ្លាចនាំឱ្យមានការអាក់អន់ចិត្ត ចំពោះគ្នាហើយ បើយកលុយនោះទៅចែកប្រជាជន ទាំង២០គ្រួសារ ក៏បានម្នាក់បន្តិច ទើបពិភាក្សាគ្នាថា គួរទិញអ្វីដែល​ជាប្រយោជន៍ រួមទើបល្អជាង ទើបទាំងអ្នកភូមិនិងក្រុមការងារ សម្រេចទិញគោយន្តភ្ជួរដីដើម្បី ធ្វើកសិកម្មវិញ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃប្រគល់នោះ ក៏មានការរើសប្រធាន គ្រប់គ្រងគោយន្ត បេឡា និងអ្នកភ្ជួរ ដើម្បីចាត់ចែងការភ្ជួររាស់ និងកាន់កាប់ លុយកាក់ សម្រាប់ជួសជុលគោយន្តពេលខូចផងដែរ៕