(កំពង់ឆ្នាំង)៖ នៅក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស២០២៣ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ មកលេងកម្សាន្តនៅ ក្នុងរមណីយដ្ឋាន ១៦កន្លែង និងកន្លែងកម្សាន្តផ្សេងៗទៀតជាង៧០ម៉ឺននាក់។ ដោយឡែកភ្ញៀវអន្តរជាតិ មានចំនួនជាង២០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ថា «នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃគិតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានរមណីយដ្ឋានចំនួន១៦កន្លែង និងមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត មានភ្ញៀវទេសចរណ៍ជាតិ មកលេងកម្សាន្តមានចំនួន ៧៣៨,៩៣៩នាក់ ចំណែកភ្ញៀវអន្តរជាតិ មានចំនួន២២០នាក់»។

ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បានបន្តថា រមណីយដ្ឋានទាំង១៦កន្លែង ដែលភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែររួមមានទី១៖ សួនច្បារសម្ដេចជហ្វាវាំង (សួនស៊ីម៉ាក់), ២៖ សួនច្បារវិមានឯករាជ្យ, ៣៖ មាត់ទន្លេផ្សារក្រោម, ៤៖ តំបន់ត្រជាក់ផ្សារក្រោម, ៥៖ សួនច្បារបាញ់ទឹកតាមចង្វាក់ភ្លេងមុខសាលាខេត្ត, ៦៖ សួនឈ្វាំង, ៧៖ វត្តមេលំ និងវត្តទួលរកា, ៨៖ ទឹកធ្លាក់ស្រែអំពិល, ៩៖ ទឹកធ្លាក់ថ្មក្រាល, ១០៖ ទឹកធ្លាក់អន្លង់ស្វាយ, ១១៖ តំបន់ត្រជាក់ស្រុកទឹកផុស, ១២៖ ស្រុកកំពង់លែង, ១៣៖ ច្រកបាក់ដាវភ្នំកង្រី, ១៤៖ សង្ក្រាន្តតាមសាលាស្រុក, ១៥៖ វត្តត្រឡែងកែង និងវត្តក្រឡាញ់ និងទី១៦៖ ភ្នំព្រះធាតុ ព្រមទាំងកន្លែងកម្សាន្តនៅតាមបណ្ដាវត្ត និងសហគមន៍កម្សាន្តជាច្រើនកន្លែងទៀតផ្សេងទៀតផងដែរ។

ដោយឡែកល្បែងប្រជាប្រិយដែលប្រជាពលរដ្ឋភាគច្រើនលេងកម្សាន្តរួមមាន៖ ការចាក់ភ្លេងរាំវង់ រាំញាក់ បាញ់ទឹក និងល្បែងប្រជាប្រិយប្រពៃណីខ្មែរចោលឈូង បោះអង្គុញលាក់កន្សែង ទាញព្រាត់។ល។ ក៏មានលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃនេះផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានដឹកនាំមន្ត្រីរាជការលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន និងប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ៍ និងរាំវង់លេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងក្រុងកំពង់ឆ្នាំង និងតាមបណ្ដាស្រុកមួយចំនួនប្រកបទៅដោយភាពស្និទ្ធស្នាល និងសប្បាយ រីករាយ។

ដោយឡែកកងកម្លាំងនគរបាលស្រុក និងខេត្តជាង៦០០នាក់ ដែលបានដាក់ពង្រាយនៅតាមគោលដៅជាង ៤០កន្លែង ក៏បានយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ បង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំ៣ថ្ងៃនេះ គឺពុំមានហេតុការណ៍ និងបទល្មើសអ្វីកើតឡើងគួរឱ្យសម្គាល់នោះឡើយ។

ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំក្នុងខេត្ត ពិសេសអរគុណដឹងគុណយ៉ាងអនេកប្បការដល់សន្តិភាព ដែលធ្វើឱ្យពួកគាត់មានឱកាសជួបជុំគ្រួសារ និងបានសប្បាយរីករាយ ដោយមិនមានការព្រួយបារម្ភអំពីអសន្តិសុខ ឬអស្ថេរភាពក្នុងសង្គមនោះឡើយ។

ពួកគាត់បានបញ្ជាក់ទៀតថាទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង និងការដឹកដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយពួកគាត់បានប្តេជ្ញាចិត្ត និងបន្តថែរក្សាសន្តិភាពឱ្យនៅឋិតថេរចីរកាល និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសជាតិ ដើម្បីទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ និងជារៀងរហូតតទៅ៕