(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកស្រីនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន២៤នាក់ មុនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកមេបញ្ជាការរងអាវុធហត្ថខេត្ត, លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត, មេបញ្ជាការអាវុធហត្ថមូលដ្ឋានក្រុង ស្រុកទាំង៩ និងក្រុមគ្រួសារ អាណាព្យាបាលយោធិន។

នាឱកាសនោះលោក ញ៉ែម សំអឿន បានថ្លែងថា ការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថថ្មីនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងអាជ្ញាធរដែនដីខេត្តរតនគិរី ចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗយុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។

លោកអភិបាលបាលខេត្ត ក៏សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើន និងទុកជាតិ ទុកប្រជាជនឱ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន។

ក្នុងឱកាសខាងលើនេះដែរ លោកញ៉ែម សំអឿន បានឧបត្ថម្ភដល់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី ទាំង២៤នាក់ ក្នុង១នាក់ ២០ម៉ឺនរៀល ផងដែរ៕