(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងតែប្រឹងប្រែងធ្វើឲ្យរួចរាល់តាមផែនការ «សៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ» មុននឹងមានការបង្រៀនគ្រូបង្គោល នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាធម្មនុញ្ញ។
ជាក់ស្តែង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកម្មវិធីពិគ្រោះយោបល់ «សៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ» ដោយអញ្ជើញអ្នកស្រាវជ្រាវ និងអ្នកច្បាប់ជើងចាស់ ដូចជាលោកបណ្ឌិត ហោ ប៉េង ទីប្រឹក្សាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, លោកព្រឹទ្ធាចារ្យ ឌុយ ផេង បេសកជនទីប្រឹក្សាបច្ចេកទេសនៃខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកព្រឹទ្ធាចារ្យ រាត់ គឹមសឿន ដែលជាអ្នកស្រាវជ្រាវ ក៏ដូចជាខាងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ធាតុចូលបន្ថែម។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងទៀតថា ការពិគ្រោះយោបល់លើ «សៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ» គ្រោងបញ្ចប់នៅសប្តាហ៍ទី៤ នៃខែមេសា ខណៈសប្តាហ៍ទី១ នៃខែឧសភា គ្រោងពិនិត្យបញ្ចប់ ហើយសប្តាហ៍ទី២ គ្រោងបើកការបណ្តុះបណ្តាលគ្រូបង្គោលតែម្តង។
សូមជម្រាបថា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
MoU បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ៕