(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះប្រគល់ជូនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៣៥ខ្នង នៅក្នុងស្រុកថ្ពង និងស្រុកបសេដ្ឋ ដែលបណ្តាលឱ្យរងការខូចខាត មានធ្ងន់ មានស្រាល ដែលហេតុការខ្យល់កន្ទ្រាក់នេះ បានកើតឡើងនាទៀបភ្លឺនេះ។
លើកឡើងនាឱកាសនោះលោក វ៉ី សំណាង បានចូលរួមសោកស្តាយ ជាមួយប្រជាពលរដ្ឋនៃស្រុកថ្ពង និងស្រុកបសេដ្ឋ ដែលបានរងគ្រោះសោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះបងប្អូនរហូត ១៣៥ខ្នង ធ្វើឱ្យពលរដ្ឋរដ្ឋត្រូវប្រឈមនឹងការខូចខាត និងបាត់បង់ផ្ទះសម្បែងគួរឲ្យសោកស្តាយ។
លោក វ៉ី សំណាង បានឱ្យដឹងទៀតថា ក្រោយទទួលបានដំណឹងដ៏គួរឱ្យសោកស្តាយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឱ្យចុះបន្ទាន់ និងនាំយកជាគ្រឿងឧបភោគ បរិភោគ និងសម្ភារទៅផ្តល់ជូន ដើម្បីសម្រួលដល់ការរស់នៅទាំងផ្នែកជីវភាព និងជម្រក។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា ក្រោមការណែនាំរបស់ក្រសួងធនធានទឹក អាកាសធាតុប្រទេសកម្ពុជាគឺ ការប្រែប្រួលដែលអាចបង្កជាភ្លៀង និងខ្យល់កន្ត្រាក់ ព្រមទាំងគ្រោះធម្មជាតិផ្សេងៗនៅគ្រប់ទីកន្លែង។ ដូច្នេះដើម្បីជៀសផុតពីគ្រោះធម្មជាតិទាំងនេះពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ៕