(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរនិងថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារជាតិមាតុភូមិ សន្តិភាពជាតិ សន្តិសុខ ការពារសុខសុវត្ថិភាពថ្នាក់ដឹកនាំ ការពារប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសប្រឹងប្រែងទប់ស្កាត់បំណងទុច្ចរិតរបស់បច្ចាមិត្តទាំងឡាយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចំនួន៣៤នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំសែនរីករាយ) នៅខេត្តកំពង់ឆ្នាំងកាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។
លោកអភិបាលខេត្តបានលើកទឹកចិត្តចំពោះកងកម្លាំងទាំងអស់បន្តជួយការពារជាតិ មាតុភូមិ សុខសុវត្ថិភាព ទប់ស្កាត់រាល់ការប៉ុងប៉ងអាក្រក់ទាំងឡាយណារបស់ក្រុមទុច្ចរិតដែលមានបំណងមិនល្អមកចំពោះរាជរដ្ឋាភិបាល ហើយការពារសុខសុវត្ថិភាព និងបម្រើពលរដ្ឋពលរដ្ឋឱ្យបានល្អប្រសើរ ការពារឱ្យបាននូវសន្តិភាព ព្រោះថាសន្តិភាពនេះហើយជាកត្តាសំខាន់បំផុតដែលបានផ្ដល់ឱកាសឱ្យពលរដ្ឋទូទាំងនគររស់បានសុខសាន្ត ស្គាល់តែភាពសប្បាយរីករាយ និងការអភិវឌ្ឍតទៅមុខទៀត។ ជាង៥០០ឆ្នាំមកហើយ ប្រទេសយើងមិនដែលស្គាល់សន្តិភាពពេញបរិបូរណ៍ដូចសម័យតេជោសែនយើងនេះទេ ដូច្នេះសូមបន្តជួយការពារ និងជួយជ្រោមជ្រែងឱ្យកាន់តែខ្លាំងឡើង ដើម្បីជាតិមាតុភូមិ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងនគរបានសុខសាន្តតទៅមុខជាតៀងរហូត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តផ្ដាំផ្ញើយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីត្រូវខិតខំរៀន ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យនៃវគ្គហ្វឹកហ្វឺនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕