(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៏ និងទីតាំងរៀបចំសង្រ្គាន្តឆ្នាំថ្មីក្នុងខេត្តព្រះវិហារ សរុបមានចំនួន ៤៤.៦៩៣នាក់។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា បើប្រៀធៀបឆ្នាំ២០២២កន្លងទៅ មានកើនឡើងចំនួន ១៥.៥០% ក្នុងនោះមាន ភ្ញៀវជាតិចំនួន ៤៤.៥៥៥ នាក់ កើនឡើង ១៥.៥៤% ភ្ញៀវបរទេសចំនួន ១៣៨នាក់ កើនឡើង ៣. ៧៦%។

សម្រាប់ខេត្តព្រះវិហារគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរតែមមកកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិតជាប់ព្រំដែនឡាវ ស្ថិតក្នុងស្រុកឆែប។

ជាមួយនឹងគោលដៅទេសចរណ៍សំខាន់ៗ ភ្ញៀវទេសចរ ក៏បានទៅលេងកំសាន្តនៅតាមសង្ក្រាន្ត ដែលអាជ្ញធរបានរៀបចំដូចជា នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ រង្វង់មូលស្រអែម ក៏ដូចជាតាមវត្តអារាម សាលារៀន ជាច្រើនកន្លែងទៀត ដែលក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺប្រជាពលរដ្ឋមានការជួបជុំ លេងល្បែងប្រជាប្រិយ ប្រកបដោយក្តីសប្បាយរីករាយ៕