(ភ្នំពេញ)៖ នៅវេលាម៉ោង ២៖៤០នាទី រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តសួរចម្លើយលើជនដៃដល់ ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ។
ជនដៃដល់ម្នាក់នេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាត (Star Mart) នៃស្ថានីយ៍សាំងកាលតិច ត្រង់ចំណុចស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន កាលពីម៉ោង៨៖៥០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃទី១០ខែកក្កដា ជនខាងលើបានអះអាងថា ខ្លួនបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែជំពាក់ប្រាក់មិនសង។ ប៉ុន្តែសមត្ថកិច្ច ហាក់ពុំទាន់ជឿលើចម្លើយ ជនដៃដល់រូបនេះទាំងស្រុងទេ៕