(ភ្នំពេញ)៖ សមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន សហការជាមួយនាយកដ្ឋានទេសចរណ៍វប្បធម៌ និងសមាគមការពារបេតិកភណ្ឌវប្បធម៌អរូបីនៃទីក្រុង Weifang ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើគម្រោងព្រឹត្តិការណ៍វប្បធម៌ខ្លែងអន្តរជាតិលើកដំបូងកម្ពុជា-ចិន (ភ្នំពេញ-Weifang) និងផ្សព្វផ្សាយប្រពៃណីវប្បធម៌កម្ពុជា-ចិន បន្តវេនជំនាញសិល្បៈប្រជាប្រិយកម្ពុជា-ចិន ដើម្បីនាំមកនូវភាពស្រស់បំព្រង និងសំបូរបែបនៃការរស់នៅរបស់ប្រជាជនកម្ពុជា-ចិន។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមការជួយជ្រោមជ្រែង និងជំរុញយ៉ាងខ្លាំងក្លារបស់លោក តឹង ភិពីង ប្រធានសមាគមជំរុញឧស្សាហកម្ម វប្បធម៌និងទេសចរណ៍កម្ពុជា-ចិន លោក Sun Yinglong អនុប្រធានប្រតិបត្តិនៃសមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន និងលោក Fan Xinjian ប្រធានសមាគមការពារបេតិកភណ្ឌវប្បធម៌អរូបីនៃទីក្រុង Weifang ប្រទេសចិន ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងកិច្ចសហការរៀបចំគម្រោងស្តីពី ព្រឹត្តិការណ៍វប្បធម៌ខ្លែងអន្តរជាតិលើកដំបូងកម្ពុជា-ចិន (ភ្នំពេញ-Weifang)» ក្នុងព្រឹត្តិការណ៍ខ្លែងអន្តរជាតិ Weifang លើកទី៤០ និងវេទិកាផ្លាស់ប្តូរស្នាដៃសិល្បៈប្រណិតពិភពលោកលើកទីមួយ របស់ប្រទេសចិន (ទីក្រុង Weifang)។

ថ្ងៃទី១៥ ខែមេសា ព្រឹត្តិការណ៍ខ្លែងអន្តរជាតិ Weifang លើកទី៤០ បានប្រារព្ធធ្វើឡើងនៅទីក្រុង Weifang ប្រទេសចិន។ ក្នុងនោះមានមនុស្សចូលរួមប្រមាណជាង ៣ម៉ឺននាក់ មកពីគ្រប់ទិសទី រួមមានអ្នកស្រឡាញ់ចូលចិត្តការបង្ហោះខ្លែង ស្ថាប័នទេសចរណ៍វប្បធម៌គ្រប់ទិសទី រួមទាំងអង្គការសមាគមការពារបេតិកភណ្ឌវប្បធម៌អរូបីជាងដប់ប្រទេស បានមកប្រមូលផ្តុំគ្នានៅទីក្រុង Weifang នៃប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការបង្ហោះខ្លែងជាច្រើន ដែលមានរូបរាង និងលក្ខណៈពិសេសខុសប្លែកពីគ្នា បានបង្អួតខ្លួនយ៉ាងស្រស់ស្អាតនៅលើផ្ទៃអាកាស ហើយអ្នកស្រឡាញ់ចូលចិត្តខ្លែង ដែលមកពីបណ្តាប្រទេសនានា និងតំបន់ផ្សេងៗ បានមកប្រមូលផ្តុំគ្នាដើម្បីជាសាក្ខីភាព ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
នៅក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ និងទាក់ទាញមួយនេះ អ្នកស្រឡាញ់ចូលចិត្តខ្លែងបានបង្ហាញពីលក្ខណៈខុសប្លែកគ្នា នៃខ្លែងដែលបានរចនាយ៉ាងប្រណិត និងមានការច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ ក្នុងនោះមានដូចជាសត្វឥន្ទ្រី ដែលកំពុងត្រដាងស្លាប មេអំបៅដ៏ទន់ភ្លន់ នាគ និងហង្សដ៏អាថ៌កំបាំង ក៏ដូចជា ខ្លែងរូបផ្គុំចម្រុះពណ៌ផ្សេងៗ។ល។ ការរចនាខ្លែងទាំងនេះមិនត្រឹមតែបានរួមបញ្ចូលរចនាបថ របស់ប្រទេសផ្សេងៗប៉ុណ្ណោះទេ ថែមទាំងបានបន្តវេននូវជំនាញធ្វើ និងវប្បធម៌ប្រពៃណីខ្លែង ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ Weifang ផងដែរ។

បន្ថែមពីលើការបង្ហោះខ្លែង កម្មវិធីជាច្រើនក៏ត្រូវបានរៀបចំឡើងនៅនឹងកន្លែង ដូចជាការផ្លាស់ប្តូរជំនាញធ្វើខ្លែង ការសម្តែងសិល្បៈប្រជាប្រិយ សកម្មភាពរវាងឪពុកម្តាយ និងកូនៗ ព្រមទាំងមានអាហារដ៏ពិសេសៗប្រចាំតំបន់ផ្សេងៗទៀតផង។ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ទីក្រុង Weifang ក៏បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយនៅតាមមហាវិថី និងតាមដងផ្លូវនានា ត្រូវបានបង្ហូតឡើងជាមួយនឹងទង់ចម្រុះពណ៌ដែលតំណាងឱ្យមិត្តភាព និងភាពសុខដុមរមនា។ ប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងក្លៀវក្លា និងសកម្ម ព្រមទាំងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិមួយនេះ។

អនុប្រធានប្រតិបត្តិនៃសមាគមជំរុញឧស្សាហកម្ម វប្បធម៌និងទេសចរណ៍កម្ពុជា-ចិន បានថ្លែងថា «យើងសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍វប្បធម៌ខ្លែងអន្តរជាតិកម្ពុជា-ចិនលើកដំបូង (ភ្នំពេញ-Weifang) នឹងជំរុញឱ្យប្រជាជនកម្ពុជា កាន់តែច្រើនចាប់អារម្មណ៍នឹងភាពទាក់ទាញ និងលក្ខណៈពិសេសនៃខ្លែងរបស់ប្រទេសចិន ព្រមទាំងវប្បធម៌ចម្រុះនៅលើពិភពលោកផងដែរ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន យើងសង្ឃឹមថា ព្រឹត្តិការណ៍ដ៏ធំនេះអាចលើកកម្ពស់ និងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសកម្ពុជា និងប្រជាជននៃប្រទេសចិន ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើវិស័យវប្បធម៌ និងទេសចរណ៍ផងដែរ»

អនុប្រធានការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុង Weifang បានគូសបញ្ជាក់ថា «យើងមានការគាំទ្រ និងមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះការបង្កើតព្រឹត្តការណ៍ វប្បធម៌ខ្លែងអន្តរជាតិលើកដំបូងកម្ពុជា-ចិន (ភ្នំពេញ-Weifang)។ ក្នុងនាម Weifang ជាទីក្រុងមួយដែលមានបេតិកភណ្ឌវប្បធម៌ខ្លែងដ៏យូរលង់ណាស់មកហើយ ពួកយើងនឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រ និងជួយជ្រោមជ្រៀង ព្រឹត្តិការណ៍វប្បធម៌ខ្លែងអន្តរជាតិលើកដំបូងកម្ពុជា-ចិន (ភ្នំពេញ-Weifang) ទាក់ទងនឹងការច្នៃប្រឌិត ការផលិត និងការរៀបចំព្រឹត្តិការណ៍ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដ៏ពិសេសមួយនេះ ក្លាយជាព្រឹត្តិការណ៍វប្បធម៌ដែល មានការចូលរួមពីសំណាក់មនុស្សយ៉ាងច្រើនកុះកក ព្រមទាំងអាចប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ»

លោក Fan Jianxin ក៏បានគូសបញ្ជាក់ផងដែរថា «យើងសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយសមាគមជំរុញឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ក្នុងព្រឹត្តិការណ៍អន្តរជាតិដែលបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌នេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា អាចស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏យូរលង់របស់ប្រទេសចិន និងភាពទាក់ទាញពិសេសនៃខ្លែងរបស់ប្រទេសចិន។ យើងជឿជាក់ថានៅក្រោមផ្ទៃមេឃពណ៌ខៀវតែមួយ នៃទីក្រុងភ្នំពេញ និងទីក្រុង Weifang ខ្លែងនឹងក្លាយជាអ្នកនាំសារថ្មីមួយនៃមិត្តភាពកម្ពុជា-ចិន ដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រ ព្រមទាំងជូនពរទៅកាន់មនុស្សទូទាំងពិភពលោក។ ក្នុងនាមជាទីក្រុងខ្លែងដ៏ល្បីល្បាញ របស់ពិភពលោកទីក្រុង Weifang តែងតែជាកន្លែងដ៏ពិសិដ្ឋសម្រាប់អ្នកចូលចិត្តខ្លែង មកពីជុំវិញពិភពលោក»។

លោកបានបន្តថា «រីឯរាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា ក៏មានវប្បធម៌ខ្លែងដ៏វិសេសវិសាលផងដែរ។ ខ្លែងប្រពៃណីខ្មែរជាច្រើន ត្រូវបានឆ្លាក់ដោយរូបភាព និងតួអក្សរដែលជាសក្ខីភាពនៃក្តីស្រឡាញ់របស់ប្រជាជនកម្ពុជា ជាច្រើនជំនាន់មកហើយ។ ព្រឹត្តិការណ៍វប្បធម៌ខ្លែងអន្តរជាតិលើកដំបូងកម្ពុជា-ចិន (ភ្នំពេញ-Weifang) នឹងនាំមកនូវភាពសប្បាយរីករាយ និងមានអត្ថន័យដែលមិនអាចបំភ្លេចបាន ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងឱកាសឆ្លងឆ្នាំ ដ៏រំភើបរីករាយខាងមុខនេះ។ នៅពេលដែលខ្លែងចម្រុះពណ៌កំពុងបង្អួតខ្លួនលើអាកាស ប្រជាជនកម្ពុជា និងប្រជាជនចិននឹងប្រារព្ធពិធីឆ្លងឆ្នាំថ្មី ក្រោមមេឃតែមួយ ហើយរួមគ្នាបួងសួងជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជារៀងរហូត ប្រទេសជាតិរុងរឿង ប្រជាជនសុខក្សេមក្សាន្ត និងពិភពលោកមានសុខសន្តិភាព»៕