(ត្បូងឃ្មុំ)៖ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សម្អាត និងតុបតែង លម្អផ្ទះសម្បែង តាមប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ។
នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនខុសពីបណ្តាស្រុកភូមិនានាទូទាំងប្រទេស ប្រជាពលរដ្ឋបានមកជួបជុំគ្រួសារសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ដែលមានរយៈពេល៣ថ្ងៃ ដែលនៅក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យដ៏ធំនេះ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ និងបានលេងល្បែងប្រជាប្រិយ សំដែងសិល្បះរបាំ ពិព័រណ៍ស្នាដៃនៃការរីកចម្រើនតាមភូមិដ្ឋាន និងការរាំកម្សាន្តតាមចង្វាក់ប្រពៃណីជាតិ នៅតាមវត្តអារាម សាលារៀន និងតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនានា។
តាំងពីបុរាណកាលមកថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឱ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋ តែងតែរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទំលាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។
ក្រុមការងារចុះមូលដ្ឋាន ដឹកនាំដោយលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិ្ស និងប្រជាពលរដ្ឋ បានរៀបចំយុទ្ធនាផ្លូវស្អាត គ្មានគ្រលុកនៅទូទាំងស្រុក បានជាង៨០គីឡូម៉ែត្រ ដើម្បីអបអរសាទរឆ្នាំថ្មី។
មួយវិញទៀត បានរៀបចំប្រែក្លាយតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ទៅជារម្មណីដ្ឋានទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្តដ៏ទាក់ទាញ ដោយបានដាំផ្កាស្បៃរឿង ១លានគុម្ព និងដាំប្រភេទរុក្ខជាតិបន្ថែម រាប់រយដើមផងដែរ។ នៅតំបន់ជុំវិញតំបន់នេះ ឯកឧត្តម អ៊ាង សុផល្លែត បានឧបត្ថម្ភបង្គោលសូឡាតាំងបំភ្លឺថែមទៀត។
លោក អ៊ាង សុផល្លែត បានលើកឡើងក្នុងឱកាស ពិធីបើកសង្រ្កាន្តអូររាំងឪ នាថ្ងៃទី១០ មេសា ឆ្នាំ២០២៣ថា គោលបំណងនៃការដាំផ្កាស្បៃរឿង ១លានដើម និងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគឺទី១៖ បានបំផុសឱ្យប្រជាជនកម្ពុជា បានទទួលនូវការរីករាយជាមួយឱកាសចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី និងទី២៖ ធ្វើយ៉ាងណាឱ្យការងារផ្សព្វផ្សាយកែលម្អ គាំពារបរិស្ថានឱ្យបានទូលំទូលាយ បើកាលណាបរិស្ថានមានភាពស្រស់ស្រាយ ប្រជាពលរដ្ឋក៏មានភាពស្រស់ស្រាយផងដែរ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កត្តាសំខាន់នោះ គឺបង្ហាញការរួបរួមសាមគ្គីគ្នា រវាងវិស័យពុទ្ធចក្រ និងអាណាចក្រជាមួយនឹងខាងប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធមិនប្រកាន់និន្នាការ គណបក្សនយោបាយណាមួយឡើយ ដែលនេះគឺជាការបង្ហាញនូវការរួបរួមសាមគ្គីភាព រវាងខ្មែរ និងខ្មែរ ហើយក៏បានឆ្លុះបញ្ចាំងនូវអ្វីដែលយើងទទួលបាននៅពេលនេះ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដឹកនាំដោយលោក អ៊ាង សុផល្លែត បានរៀបចំសង្រ្កាន្ត ឆ្នាំថ្មី លើទឹកដីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ ចំនួន៥កន្លែង នៅតាមវត្តអារាមនិងរមណីយដ្ឋានប្រវត្តិសាស្រ្តមួយចំនួន ដូចជា៖
សង្រ្តាន្តអូររាំងឪ (ទន្លេស្ងួត) ស្ថិតនៅភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រារព្ធបើក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ផ្កាស្បៃរឿង១លានគុម្ព ដែលក្រុមការងារនិងប្រជាពលរដ្ឋបានចូលរួមដាំ បានរីកស្រស់ទទួលទេវតាឆ្នាំថ្មី និងទេវតាដែលនឹងយាងមក គ្រប់គ្រងមាតុភូមិកម្ពុជា នាពេលខាងមុខ។ ក្រុមការងារកំពុងរៀបចំទីតាំងប្រវត្តិសាស្រ្តទន្លេស្ងួត ជារមណីដ្ឋានអព្យាក្រឹតកាបូន ដែលរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍទេចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី ជួយបង្កើនជីវភាពប្រជាពលរដ្ឋ មួយកម្រិតទៀត។ សង្រ្កាន្តអូររាំងឪ នៅទីតាំងទន្លេស្ងួត បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្តក្នុងបរិយាកាសរីករាយបំផុត។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បានអញ្ជើញ ជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសំណេះណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ អបអរពិធីបើកសង្រ្កាន្តអូររាំងឪ វិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ សរុបចំនួនប្រមាណជិត២,០០០នាក់។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដដែលលោក អ៊ាង សុផល្លែត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានអញ្ជើញចូលរួមពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន និងសំណេះណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ អបអរពិធីបើកសង្រ្កាន្តអូររាំងឪ វិទ្យាល័យ ពាម ជាំង ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ សរុបចំនួនប្រមាណជិត១,០០០នាក់។
បន្ទាប់មកទៀត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានអញ្ជើញជាអធិបតីអបអរសារទរពិធីបើកសង្រ្តាន្តអូររាំងឪ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ស្ថិតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រធានក្រុមការងារ បានចូលរួមទស្សនា និងឧបត្ថម្ភដល់ស្តង់ពិព័រណ៍របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានរៀបចំយ៉ាងស្អាត និងបានដាក់តាំងម្ហូបអាហារក្នុងតំបន់ផងដែរ។
ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីជាមួយប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ក្នុងស្រុកអូររាំងឪ តាមប្រពៃណីទនៀមទម្លាប់ខ្មែរ លោក អ៊ាង សុផល្លែត និងលោកស្រី នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីអបអរសារទរ ពិធីបើកសង្រ្តាន្តអូររាំងឪ នៅវត្តបន្ទាយមៀន ស្ថិតភូមិបន្ទាយមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅក្នុងថ្ងៃដដែលលោក អ៊ាង សុផល្លែត និងលោកស្រី រួមជាមួយក្រុមការងារ បានចូលរួម ជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ នៅផ្សារអូររាំងឪ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ សុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក២៥៦៧ គ.ស២០២៣ នៅចំណតរថយន្តផ្សារអូររាំងឪ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំ២០២៣ នេះបានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។ នៅទូទាំងស្រុកអូររាំងឪ ទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានសំដែងសេចក្តីសប្បាយរីករាយ និងបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ទទួលទេវតាឆ្នាំថ្មី ដោយធ្វើការធ្វើអនាម័យបរិស្ថាន តុបតែង ផ្ទះសម្បែង វត្តអារាម ទីសាធារណៈ មានផ្កាភ្ញី និងកន្លែងរៀបចំសង្រ្កាន្ត សម្រាប់កំសាន្តសប្បាយ គួរឱ្យគយគន់ថែមទៀត។
នៅក្នុងទិសដៅបន្ត ក្រុមការងារចុះមូលដ្ឋានបន្តសហការជាមួយអាជ្ញធរ និងប្រជាពលរដ្ឋទាំងអស់ លើការអភិវឌ្ឍការអភិវឌ្ឍនៅស្រុកអូររាំងឪ ថ្មីៗបន្ថែទៀត ដើម្បីដោះស្រាយការលំបាក និងពង្រីកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យប្រសើររុងរឿង ស្របតាមគោលនយោបាយយុទ្ធសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា គឺ «ទឹក ផ្លូវ ភ្លើង មនុស្ស»៕