(ភ្នំពេញ)៖ បើទោះបីពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ត្រូវបានបិទបញ្ចប់ទៅហើយក្ដី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បន្ដនាំគ្នាសម្រុកទៅលេងកម្សាន្ដសប្បាយ នៅតំបន់រមណីយដ្ឋានវត្តភ្នំ ក្រោមម្លប់នៃសន្ដិភាព។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពនោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅតែបន្ដធានា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលបន្ដមកលេងកម្សាន្ដនៅតំបន់វត្តភ្នំ។ ជារួមក្នុងការមកកម្សាន្ដនេះ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។
គួរជម្រាបថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំនូវ «សង្ក្រាន្ដវត្តភ្នំ» ផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋមកលេងកម្សាន្ដ ហើយបន្ទាប់ពីការរៀបចំនេះមានបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះកររហូតដល់រាប់ពាន់នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម។
ជាមួយគ្នានោះដែរ គេបានសង្គេតឃើញមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានចូលរួមលេងក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំនេះ យ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ៕