(ភ្នំពេញ)៖ អ្នកជំនាញខាងអចលនទ្រព្យបានសម្តែងការសាទរដែលរាជរដ្ឋាភិបាលសម្រេចបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ និងបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់រហូត ១៨ខែសម្រាប់គម្រោងតូច និងរហូត ៣៦ខែសម្រាប់គម្រោងធំដោយកត្តានេះបានសម្រួលការលំបាកយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ​គម្រោងបុរី និងធ្វើឱ្យអ្នកទិញមានលទ្ធភាពច្រើនក្នុងការទិញលំនៅដ្ឋាន។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ​ រាជរដ្ឋាភិបាល​បានដាក់ចេញនូវវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី​ ដោយសម្រេចបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់ រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏សម្រេចបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី១ លានដុល្លារអាមេរិក។ ​

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមេសានេះថា នៅពេលដែលរដ្ឋាភិបាលសម្រេចឱ្យបង់ពន្ធជាកញ្ចប់បែបនេះ បានជួយសម្រួលយ៉ាងច្រើនដល់អ្នកអភិវឌ្ឍន៍​ ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលមកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា​ ដោយពួកគេ​មិនមានភាពស្មុគស្មាញទៅលើការបង់ពន្ធ ដើម្បីធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការរៀបចំផែនការគម្រោង​ និងកំណត់តម្លៃ​លក់​ទៅឱ្យប្រជាពលរដ្ឋវិញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការប្រមូលពន្ធផងដែរ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ពេញចិត្តក្នុងការបង់ពន្ធប្រភេទនេះ ដោយមិនលាក់លៀម ឬគេចវេសឡើយ។

លោកបន្តថា ពីមុនមកអ្នកអភិវឌ្ឍន៍សំណង់លំឋានបុរី​ ឬខុនដូរ ត្រូវបង់ពន្ធច្រើនប្រភេទ ដូចជា អាករលើតម្លៃបន្ថែម (VAT) ពន្ធកម្រៃជើងសារសម្រាប់ភ្នាក់ងារអចលនទ្រព្យ ពន្ធប្រាក់ចំណេញ និងពន្ធប្រភេទផ្សេងៗទៀត ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មានភាពលំបាកក្នុងការគណនាចំនួនពន្ធដែលត្រូវបង់។ ​ការសម្រេចបន្តឱ្យពន្ធជាកញ្ចប់ មានន័យថា រហូតដល់ដំណាច់​ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅឋាន មិនចាំបាច់ត្រូវបង់ពន្ធតាមប្រភេទនីមួយៗនោះទេ ​ពោលគឺបង់ពន្ធ​សរុបនៃគម្រោងទាំងមូលតែម្តង ក្រោយពីអគ្គនាយកដ្ឋានពន្ធដារធ្វើការសិក្សាវាយតម្លៃរួច។

លោកបានពន្យល់បន្តថា «ការបង់ពន្ធជាកញ្ចប់មានន័យថា រាជរដ្ឋាភិបាលមុននឹងអនុញ្ញាតគម្រោងសាងសង់គម្រោងណាមួយ ម្ចាស់បុរីតែងតែធ្វើការសិក្សាជាមួយពន្ធដារ ថាតើការអភិវឌ្ឍន៍គម្រោងរបស់គាត់​ ​ដែលត្រូវលក់ក្នុងតម្លៃបែបនេះ គាត់សាងសង់អស់តម្លៃបែបនេះ តើត្រូវបង់ពន្ធប៉ុន្មានទៅដល់ខាងពន្ធដារ។ អីចឹងការបង់ពន្ធជាកញ្ចប់នេះ មានន័យថា ​ដូចម៉ៅថាតើមួយគម្រោងបង់ពន្ធអស់ប៉ុន្មាន»។

​លោកបន្តថា «ការពន្យារពេលបង់ពន្ធជាកញ្ចប់រហូតដល់ឆ្នាំ២០២៤ មានន័យថារាជរដ្ឋាភិបាល​មានការយកចិត្តទុកដាក់ ដោយសារអ្នកអភិវឌ្ឍន៍មានផលលំបាកច្រើនក្នុងការបង់ពន្ធ ខណៈដែលពួកគេកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ពីបញ្ហាកូវីដ១៩ បញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែន។ យើងឃើញថាការទិញលក់មានផលលំបាក។ ​កត្តានេះបានជួយសម្រួលបានយ៉ាងច្រើន ធ្វើឱ្យមានភាពងាយស្រួល និង​លើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ឱ្យធ្វើការអភិវឌ្ឍន៍បន្តទៀត ដើម្បីគាំទ្រវិស័យអចលនទ្រព្យឱ្យមានដំណើរការល្អប្រសើរឡើងវិញ»។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីផងដែរនោះបានមានប្រសាសន៍ថា នេះជាវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញទាន់ពេលវេលា និងជួយសម្រួលដល់អ្នកអភិវឌ្ឍន៍លំនៅក្នុងពេលស្ថានភាពលំបាក ​ខណៈដែលទាំងអ្នកលក់ និងអ្នកទិញកំពុងជួបបញ្ហា​ស្ទះលំហូរហិរញ្ញវត្ថុ។

លោកបន្ថែមថា វិធានការដែលបានដាក់ចេញនាពេលនេះ ជួយដល់ទាំងអ្នកអភិវឌ្ឍន៍ក្នុងការបង់ពន្ធ និងអ្នកទិញលំនៅដ្ឋានឱ្យមានលទ្ធភាពច្រើនក្នុងការទិញលំនៅដ្ឋាន។

លោកកត់សម្គាល់ឃើញថា ​បច្ចុប្បន្ននេះគម្រោងលំនៅឋានភាគច្រើនជាគម្រោងដែលបង់ពន្ធលើសពី១លានដុល្លារ ​ព្រោះជាគម្រោងធំៗ។ នៅពេលដែលរដ្ឋអនុញ្ញាតឱ្យបង់ពន្ធ រហូតដល់៣៦ខែ ធ្វើឱ្យម្ចាស់គម្រោងមានលទ្ធភាពច្រើនក្នុងបង់រំលស់ទៅតាមខែនីមួយៗក្នុងចំនួនតិចៗ។

លោកបានពន្យល់ថា «អ្នកទិញបុរីរាល់ថ្ងៃ គាត់ទិញបាន នៅពេលដែលអ្នកអភិវឌ្ឍន៍តម្រូវឱ្យគាត់បង់​លុយតិច ហើយយូរ។ អីចឹងការចេញប្រកាសថ្ងៃនេះ វាជួយឱ្យអ្នក​អភិវឌ្ឍន៍លំនៅឋាន គាត់មានពេលដូចគ្នា មានន័យថា នៅពេលដែលគាត់ បានលុយពីអ្នកទិញមកបង់ឱ្យគាត់តិចៗហើយយូរ ហើយរដ្ឋតម្រូវឱ្យអ្នកអភិវឌ្ឍន៍បង់ពន្ធតិចៗហើយយូរ ​វាយោងគ្នាដែរ។ប្រកាសនេះគឺវាមិនជួយទាំងអស់ទេ គ្រាន់តែថាមួយផ្នែកវាជួយបានច្រើន។ ខ្ញុំគិតថាវាជាកត្តាល្អហើយចំពេលវេលា ដែលអ្នកអភិវឌ្ឍន៍លំនៅឋានកំពុងត្រូវការ»។

លោមានប្រសាសន៍ទៀតថា៖ «ជាទូទៅខ្ញុំមើលឃើញថា អ្នករកស៊ីសុទ្ធតែចង់បង់ពន្ធគ្រប់គ្នា គ្មានអ្នកណាចង់គេចវេសទេ។ ប៉ុន្តែដោយសារតែបញ្ហាប្រឈមរបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន គឺការលក់របស់យើងដំណើរការយឺត ហើយអ្វីដែលជាបញ្ហា គឺអ្នកទិញបង់លុយតិចៗរយៈពេលយូរ ​ ហើយឥឡូវរដ្ឋអនុញ្ញាតឱ្យយើងបង់ពន្ធតិចរយៈពេលយូរ វាធូរច្រើន។ ឧទាហរណ៍កាលមុន១លានកន្លះ យើងបង់តែរយៈពេល១២ខែទេ តែឥលូវយើងបង់រហូត៣៦ខែ ពេលចែកទៅវាធូរដែរ ហើយរដ្ឋអត់គិតការទេ គឺជួយទាំងអស់គ្នា មានន័យថារដ្ឋអនុញ្ញាតឱ្យអ្នកសាង់សង់បុរីបង់ពន្ធតិចរយៈពេលយូរ ហើយអ្នកសាងសង់អនុញ្ញាតឱ្យអ្នកទិញបង់តិចរយៈពេលយូរ ធ្វើឱ្យអ្នកទិញមានលទ្ធភាពទិញបាន អ្នកសាងសង់អាចលក់បាន ​អីចឹងគឺដើរបានទាំងអស់គ្នាហើយ»

អ្នកជំនាញវិស័យអចលទ្រព្យរូបនេះ ​បានវាយតម្លៃថា វិស័យអចលនទ្រព្យនៅឆ្នាំ២០២៣ ហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២២ ហើយនឹងអាចវិលទៅរកភាពប្រសើរដូចឆ្នាំ២០១៩ នៅក្រោយឆ្នាំ២០២៥៕