(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រំលងមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានកត់សម្គាល់ ៤ចំណុច ដែលធ្វើឲ្យសង្ក្រាន្តឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេស លេងកម្សាន្តយ៉ាងរីករាយ។
តាមរយៈបណ្ដាញ Fresh News លោកបណ្ឌិត បានលើកឡើងថា សង្ក្រាន្តឆ្នាំនេះ សង្កេតឃើញថា ប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមយ៉ាងសប្បាយរីកយរាយដ៏មនោរម្យ មិនថាទីក្រុងឬជនបទ។
លោកបណ្ឌិត យង់ ពៅ បន្តថា គេអាចកត់សម្គាល់ ៤ចំណុច រួមមាន៖
១៖ សន្តិភាព និងសណ្តាប់ធ្នាប់សង្គមជាកក្តាសំខាន់បំផុត សម្រាប់ភាពសុខសាន្តញ៉ាំងឱ្យដំណើរប្រព្រឹត្តិទៅនៃសង្ក្រាន្តឆ្នាំនេះប្រកបដោយភាពរីករាយគ្រាប់ស្រទាប់វណ្ណៈ។ ចំណុចនេះ យើងមិនអាចភ្លេចបានកាលពី៤៨ឆ្នាំមុន គឺថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ វាយរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពេលនោះ គ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញ បំបិទសិទ្ធិសេរី ជំនឿសាសនា បង្អត់អាហារ កុំថាឡើយចង់សប្បាយនឹងសង្ក្រាន្តឆ្នាំថ្មីនោះ...។
២៖ ការសម្រេចចិត្តនយោបាយបានលឿន និងត្រូវលើការគ្រប់គ្រងជំងឺឆ្លងកាចសាហាវកូវីដ-១៩។
៣៖ គ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមរឹងនិងទន់ បានអភិវឌ្ឍនិងតភ្ជាប់ ដែលគ្មានតំបន់ណាមួយដែលបន្តនៅដាច់ស្រយាល។
៤៖ ការចូលរួមយ៉ាងសស្រាក់សស្រាំ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងកម្មវិធីសង្ក្រាន្តនេះ ពោលគឺចាប់ពីសម្តេចនាយករដ្ឋមន្ត្រី រហូតដល់អាជ្ញាធរដែនដី...។
លោកបណ្ឌិត ក៏បានលើកពីចំណុចគួរកែតម្រូវខ្លះ រួមមាន៖
១៖ កែពីលេងបាញ់ទឹក ប៉ាតម្សៅ ទៅជាប្រោះព្រំទឹក ស្របនឹងវប្បធម៌ខ្មែរយើង និង ធានាបានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ល្បែងបាញ់ទឹក មិនត្រឹមតែមិនស្របនឹងវប្បធម៌ ប៉ុន្តែវាបានបង្កគ្រោះថ្នាក់បន្ថែមទៀត។
២៖ បង្កលក្ខណៈឱ្យមហាជនចូលចិត្តទៅកម្សាន្តទីវត្តអារាម ឬ រមណីយដ្ឋានសាធារណៈ ដើម្បីបានចូលរួមរៀបចំលេងល្បែងប្រជាប្រិយខ្មែរ តាមរយៈការរៀបចំនិងការផ្សព្វផ្សាយទូលំទូលាយ។
៣៖ លើកកម្ពស់ផលិតផលខ្មែរ តាមរយៈពិព័រណ៍ផលិតផលតាមភូមិសាស្ត្រ៕