(មណ្ឌលគិរី)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៃការរៀបចំសង្រ្កាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរចំនួន ១៩,០៧៧នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣៦៤នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តមណ្ឌលគិរី ជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តក្នុងក្រុសែនមនោរម្យ។ នេះបើតាមលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
លោក ស៊ាង សឿន បានបន្តថា ចំនួនភ្ញៀវទេសចរមានការថយចុះតិចតួចជាងឆ្នាំមុនៗមែនប៉ុន្តែមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះមានអភិវឌ្ឍន៍កែក្រែមុខមាត់យ៉ាងខ្លាំងដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ថង សាវុន ជាអភិបាលខេត្តបានរៀបចំរចនាសម្ពន្ធនានាក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍ សង្ក្រាន្តមណ្ឌលគិរីរយៈពេល៧ថ្ងៃ ផងនោះទើបមានអ្នកទេសចរណ៍ ចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគួរឲ្យកត់សម្គាល់។
លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព Fresh news ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ល្បែងកម្សាន្តផ្សេងៗជាច្រើន ដូចជាប៉ាតម្សៅ លេងបាញ់ទឹក និងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕