(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ មានឃុំពោធិចំរើន ឃុំពោធិ៍ម្រាល និងឃុំនិទាន សរុបចំនួន ៨៤គ្រួសារ (ធ្ងន់ ៣គ្រួសារ មធ្យម ១៤គ្រួសារ និងស្រាល ៦៧គ្រួសារ)។

លើកឡើងនាឱកាសនោះ លោក វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក វ៉ី សំណាង បានសម្តែងការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកបន្ថែមថា ថ្វីត្បិតតែអំណោយមនុស្សធម៌របស់សាខាដែលបាននាំយកមកចែកជូនពលរដ្ឋមានចំនួនតិចតួចនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន រាល់ការធ្វើដំណើរសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរារចរណ៍ ដែលអាចបង្កឱ្យមានរបួស ពិការ ឬបាត់បង់ជីវិត នាំឱ្យមានការសោកស្ដាយក្នុងជីវិត។

សូមបញ្ជាក់ថា សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,តង់ ១,ឃីត ១កញ្ចប់,និងថវិកា ១០០,០០០រៀល។ គ្រួសាររងគ្រោះមធ្យមរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៥០,០០០រៀល។ គ្រួសាររងគ្រោះស្រាលរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៣០,០០០រៀល៕