(កែប)៖ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៤៩,៤០៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៤៨,៧៤៤នាក់ ភ្ញៀវទេសចរបរទេសចំនួន ៦៦២នាក់ និងរថយន្តសរុបចំនួន ១៥,៦០៦គ្រឿង ក្នុងនោះរថយន្តតូច ចំនួន ៩,៧០៩គ្រឿង រថយន្តមធ្យម ៥,៨៣១គ្រឿង និងរថយន្តធំ ចំនួន ៦៦គ្រឿង។
ជាមួយគ្នានោះបើតាមប្រភពពីសមត្ថកិច្ច រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ មានភាពល្អប្រសើរ គ្មានការកកស្ទះ និងគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើងទេ កម្លាំងសមត្ថកិច្ចជំនាញបានរៀបចំផែនការច្បាស់លាស់ តាមគោលដៅនីមួយៗ ដើម្បីកាត់បន្ថយបានពាក់ព័ន្ធការកកស្ទះ ទោះបីជាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីតាមបណ្តាខេត្តនានា មកដើរកម្សាន្តខេត្តកែបច្រើនយ៉ាងណាក៏ដោយចុះ។
ប្រភពដដែល បានឱ្យដឹងទៀតថា ជារួមការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ នៅក្នុងខេត្តមានភាពល្អប្រសើ និងបានស្នើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យខ្ពស់ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីផងដែរ៕