(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀចំពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី មានរយៈពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៣។
ពិធីបុណ្យនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមាពិធីកាត់ឬសសីមា។
ដើម្បីឲ្យពិធីនេះ ប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយកងកម្លាំងពាក់ព័ន្ធ។
ជាក់ស្តែង នាសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណអធិបតីព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធម និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ លោក ឃួង ស្រេង បានជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តភារកិច្ចរៀងៗខ្លួនឲ្យបានល្អ លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
នៅក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ គឺមានរៀបចំក្រុមសិល្បៈកម្សាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជនបានមើលកម្សាន្ត ក្នុងនោះមានក្រុមល្ខោនបាសាក់ , ចាប៉ីដងវែង, អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីផងដែរ។ ដូច្នេះទេ លោកជំរុញឲ្យមានការរៀបចំ ឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយ ដែលបានតំកល់ធាតុមាតា-បិតា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣។ សម្រាប់ថ្ងៃ២៤ មេសា សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងអញ្ជើញកាត់ឬសីមា ដោយនឹងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕