(ភ្នំពេញ)៖ ដូចអ្វីដែលបានរំពឹងទុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្រោយមានការអនុញ្ញាតឲ្យរៀបចំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលរួមប្រមាណជាង ២លាននាក់។

ដោយឡែក សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញ ត្រូវធានាបានយ៉ាងល្អបំផុត ក្រោមកិច្ចសហការយ៉ាងស្អិតរមួតពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធ និងយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមិនមានការភិតភ័យ គ្មានអំពើហិង្សា ការបង្កចលាចលណាមួយមករំខានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនោះឡើយ។

យោងតាមរបាយការណ៍គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានប្រចាំថ្ងៃ បន្ទាប់ពីការបូកសរុបវាយតម្លៃនោះ បានអះអាងថា បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ជារួម និងការងារទប់ស្កាត់បទល្មើស នៅគ្រប់គោលដៅប្រារព្ធពិធីទាំង០៦ទីតាំង នៅតែត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដ។ ទោះយ៉ាងណា នៅមានហេតុការណ៍មួយចំនួនតូចបានកើតឡើង ដែលសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន-អង្គភាពបានសហការដោះស្រាយ។

គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រក្សាបានស្ថានភាពល្អប្រសើរ ដោយក្នុងនោះ សមត្ថកិច្ចជំនាញមកពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងផែនការ បានសហការគ្នាយ៉ាងជិតស្និទ្ធ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករ និងបន្តយកចិត្តទុកដាក់បន្ថែមទៀត សម្រាប់ការកម្សាន្ដរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលយប់នៅតំបន់ផាប់ស្រ្ទីត»។

សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកកម្សាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ ពោរពេញទៅដោយភាពកក់ក្ដៅ ក្រោមម្លប់សន្ដិភាពដ៏ត្រជាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ បើគ្មានសន្ដិភាពពេញលេញទេនោះ ម្ល៉េះមិនអាចបង្កលក្ខណៈឲ្យភ្ញៀវទេសចរទាំងអស់ អាចដើរលេងកម្សាន្ដសប្បាយ ដោយគ្មានការភ័យខ្លាចនោះទេ។

ជារួម ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលទើបបិទបញ្ចប់នេះ ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ តាមបណ្ដារាជធានី-ខេត្តទាំងអស់ សុទ្ធតែបានរៀបចំកម្មវិធីកម្សាន្ដសប្បាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីការចូលរួមតាមបណ្ដាពីតាំងដែលអាជ្ញាធរបានរៀបចំនោះ ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ក៏បានដើរលេងតាមរមណីយដ្ឋានផ្សេងៗផងដែរ។

រយៈពេល៣ថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ខណៈលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃថា ចរន្តភ្ញៀវទេសចរនេះ គឺកើនច្រើនជាងកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ១៩ទៅទៀត៕