(បន្ទាយមានជ័យ)៖ លោក ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦៥ម៉ឺននាក់ បានសម្រុកមកលេងកម្សាន្តតាមទីតាំងនានាទូទាំងខេត្តបន្ទាយមានជ័យ។
សម្រាប់ទីកម្សាន្តទាំងនោះរួមមាន ប្រាសាទបន្ទាយឆ្មារ ក្នុងសួនមានជ័យ និងទីកន្លែងប្រមូលផ្តុំទាំង៩ ក្រុង ស្រុក។ ដែលនេះជាមោទនភាពខ្លាំងណាស់ សម្រាប់ខេត្តបន្ទាយមានជ័យ។
ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មី សម្រាប់ភ្ញៀវបរទេសភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូនេស៊ី ដែលស្នាក់នៅស្រាប់ និងលេងនៅមជ្ឈមណ្ឌលនៃតំបន់ក្រុងប៉ោយប៉ែត។ ក្នុងនោះភ្ញៀវភាគច្រើនក៏បានមកកម្សាន្តនៅសួនមានជ័យ នៅក្រុងសិរីសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងឧបសម្ព័ន្ធ វត្តប្រាសាទរលំជ្រៃ នាស្រុកថ្មពួក សង្ក្រាន្តក្រុងប៉ោយប៉ែត វត្តផ្សារកណ្តាល និងមជ្ឈមណ្ឌលក្រុងនេះ វត្តភ្នំតូច វត្តបឹងត្រាវ ស្រុកមង្គលបូរី អាងត្រពាំងថ្ម ស្រុកភ្នំស្រុក តាមដងផ្លូវនានានៃភូមិ ឃុំ សង្កាត់ នៃ៩ក្រុងស្រុក ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រយៈពេល៣ថ្ងៃនេះ សម្រាប់ខេត្តបន្ទាយមានជ័យ គ្មានអំពើហិង្សាកើតឡើងនោះទេ ក្រោមការការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អ ដោយសារតែមានអង្គភាពទាំង ៣ដូចជា កងកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងសឹករងខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ទាំងថ្ងៃផងដែរ៕