(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៣,១៨៧,៧៧១នាក់ ខណៈលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃថាចរន្តភ្ញៀវទេសចរនេះ គឺកើនច្រើនជាងកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ១៩ទៅទៀត។
លោក ថោង ខុន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា «រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៣,១៨៧,៧៧១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៣,១៣២,០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៥៥,៦៩១នាក់»។
តួលេខភ្ញៀវទេសចរប្រចាំថ្ងៃនីមួយៗ៖
* ថ្ងៃទី១៤ ខែមេសា មានចំនួន២,០៩៨,៥០១នាក់។
* ថ្ងៃទី១៥ ខែមេសា មានចំនួន៤,២៣៧,៧៨០នាក់។
* ថ្ងៃទី១៦ ខែមេសា មានចំនួន៦,៨៥១,៤៩០នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តសៀមរាប ២,១២០,៣៧៣នាក់
* ខេត្តបាត់ដំបង ១,៥០០,១៦៨នាក់
* ខេត្តកំពង់ចាម ១,៤០៨,៨១១នាក់
* រាធានីភ្នំពេញ ១,០៨០,៥០៩នាក់
* ខេត្តព្រះសីហនុ ៨៨៧,៨៩៣នាក់
* ខេត្តកំពត ៨៧០,៣៩៩នាក់
* ខេត្តស្វាយរៀង ៧៦០,៣៩៩នាក់
* ខេត្តកំពង់ឆ្នាំង ៧៣៩,១៥៩នាក់
* ខេត្តបន្ទាយមានជ័យ ៦៥០,០១៣នាក់
* ខេត្តកំពង់ស្ពឺ ៥១២,៨៩៨នាក់។
លោករដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង១៣លាននាក់ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនដ៏ច្រើនលើសលុបហួសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
លោកបានបន្តថា ចំនួនភ្ញៀវទាំងជាង១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្តបានរាប់បញ្ចូលទាំងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ ទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិ/ស្រុក និងកន្លែងជួបជុំនានាទូទាំងប្រទេស។
លោក ថោង ខុន បានបន្តទៀតថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត (ខួប១០ឆ្នាំ) ដែលបើកទំព័រឡើងក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ/ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះដែរ បណ្តារាជធានី-ខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាត្រ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្តបានទទួលភ្ញៀវស្ទើរពេញស្ទើរ១០០%។ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។
វិស័យឯកជនសម្ដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។
សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាពនិងតម្លៃសេវាកម្មទេសចរណ៍នានា គឺមានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួចក្ដី ខណៈដែលកម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ-កម្មការីមានសេចក្តីរីករាយ និងថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ សម្រាប់ការធ្វើដំណើរទៅ-មកស្រុកកំណើត។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានវាយតម្លៃបានថា «ចរន្តភ្ញៀវទេសចរដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៉ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សម្បូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេសដោយឥតភ័យព្រួយ»៕